តម្លៃរូបិយវត្ថុឌីជីថលដែលពេញនិយមបំផុតក្នុងពិភពលោក បានបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់ ដោយប៉ុន្មានម៉ោងមុននេះ វាមានតម្លៃឡើងដល់ជាង 35,000 ដុល្លារក្នុងមួយ bitcoin។
រូបិយវត្ថុឌីជីថល Bitcoin បានឡើងថ្លៃកាលពីថ្ងៃត្រង់ ពី 33,800 ដុល្លារ ឡើងដល់ 35,751 ដុល្លារ ដោយប្រើពេលមិនដល់ 1 ម៉ោង។ CoinDesk បានឱ្យដឹងថា ពេលនេះ 1 bitcoin ត្រូវបានគេជួញដូរក្នុងតម្លៃប្រហែល 35,100 ដុល្លារអាមេរិក។ ដូច្នេះ តម្លៃរបស់វាបានកើនឡើងជាង 12.5% នៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ។
កាលពីថ្ងៃទី 2 ខែមករា Bitcoin បានចាប់ផ្ដើមឆ្នាំថ្មីដោយការ «លោត» ឆ្លងកាត់ចំណុច 30,000 ដុល្លារ និងបន្តកើនឡើងលើសពី 33,000 ដុល្លារក្នុង 1 bitcoin ដោយចំណាយពេលតែប៉ុន្មានម៉ោងបន្ទាប់នោះ។ នៅក្នុងការជួញដូរថ្មីៗនេះ តម្លៃរបស់ Bitcoin បានឡើង-ចុះពិបាកស្មានត្រូវ ព្រោះពេលខ្លះវាបានធ្លាក់ដល់ 29,400 ដុល្លារក៏មាន។
ពេញមួយឆ្នាំ 2020 Bitcoin បានកើនឡើង 300% ខណៈក្នុងខែធ្នូ ឆ្នាំ 2020 វាបានកើនឡើង 50%។ មូលហេតុដែលនាំឱ្យតម្លៃរបស់ Bitcoin ឡើងថ្លៃខ្ពស់ គឺដោយសារមានមនុស្សកាន់តែច្រើនចាត់ទុកថា វាជាមាសឌីជីថល និងទាក់ទាញបានអ្នកវិនិយោគ ក៏ដូចជាមូលនិធិជាច្រើន មានដូចជា Skybridge Capital, MassMutual និង Guggenheim ជាដើម។
ការដែលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក (Federal Reserve System – Fed) និងធនាគារជាតិនៃបណ្ដាប្រទេស បានបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលបណ្ដាលមកពី Covid-19 ក៏បានផ្ដល់ផលប្រយោជន៍ដល់ Bitcoin ផងដែរ។ ដោយសារប្រការនេះត្រូវបានចាត់ទុកថាជាកាតាលីករធ្វើឱ្យមានអតិផរណា ដែលអាចជាន់ពន្លិចតម្លៃរូបិយបណ្ណដុល្លារអាមេរិក ដូច្នេះ តម្លៃរបស់ Bitcoin ក៏កើនឡើង។
អស្ថិរភាពនយោបាយនៅទូទាំងពិភពលោក ឥទ្ធិពលរបស់ Covid-19 និងការព្រួយបារម្ភអំពី Brexit (Brexit គឺជាព្រឹត្តិការណ៍ដែលអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុបនិងសហគមន៍ថាមពលអាតូម៉ិកអឺរ៉ុប កាលពីដំណាច់ថ្ងៃទី 31 ខែមករា ឆ្នាំ 2020 (ម៉ោងនៅអឺរ៉ុប)) ក៏ត្រូវបានគេជឿថា បានធ្វើឱ្យក្រុមអ្នកវិនិយោគរត់ទៅរក Bitcoin។
បច្ចុប្បន្ន តម្លៃទុនសរុបរបស់រូបិយវត្ថុឌីជីថល Bitcoin មានទំហំប្រមាណ 654 ពាន់លាន (654,000,000,000) ដុល្លារអាមេរិក៕
ប្រភព៖ CoinDesk