បើទោះជាកញ្ញាតូតា ជាតារាសម្ដែងមានកេរ្ដិ៍ឈ្មោះបោះសំឡេង និងរូបសម្រស់ស្រស់ស្អាតក៏ដោយ តែនាងធ្លាប់បញ្ជាក់ថា នាងពុំចង់នៅលីវយូរពេកនោះទេ។
កាលពីមុនកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ពេលនាងមានអាយុត្រឹម 24-25 នាងនឹងជ្រើសរើសគូជីវិតហើយ ដ្បិតអីនាងមានអ្នកស្រឡាញ់ពេញបេះដូងទៅហើយ។ លុះមកដល់វ័យប៉ុណ្ណឹងនាងបែរជាលើកឡើងថា នាងមិនទាន់ចង់គិតទេ រហូតដល់គេគិតថា ការពន្យារពេលនេះបែបនេះបណ្ដាលមកពីនាងជួបបញ្ហាស្នេហា?
ជួបជាមួយកញ្ញាតូតា នាងបញ្ជាក់ថា សព្វថ្ងៃមានបុរសច្រើនណាស់ស្រឡាញ់នាង ម្នាក់ៗសុទ្ធតែជាបុរសល្អ និងស្ថិតនៅក្នុងលក្ខខណ្ឌដែលនាងចង់បាន ដែលមានទាំងអ្នកធ្វើការងារជាមន្ដ្រីរាជការអាចឱ្យនាងមានសិទ្ធិក្នុងការសម្រេចចិត្ដជ្រើសរើស។ នាងបន្ដថា៖ «មូលហេតុខ្ញុំចង់ពន្យារពេលគិតពីរឿងនេះ ដោយសារតែខ្ញុំចង់ទុកពេលវេលាមើលចិត្ដពួកគាត់ឱ្យបានច្បាស់ជាមុនសិន ដ្បិតអីរឿងអនាគតត្រូវគិតឱ្យបានល្អិតល្អន់។ ម្យ៉ាងក៏ជាពេលវេលាសម្រាប់ខ្ញុំចាប់យកឱកាសការងារក្នុងសិល្បៈដើម្បីបន្សល់កេរ្ដិ៍ឈ្មោះឱ្យបានច្រើនបន្ដិចសិនដែរ»។
កញ្ញាតូតា ប្រាប់ថា នាងដឹងថា បុរសទាំងនោះស្រឡាញ់នាង តែនាងត្រូវធ្វើយ៉ាងណាឱ្យប្រាកដក្នុងចិត្ដសិនថា ការស្រឡាញ់នោះចេញពីបេះដូងពិតមិនមែនជាក្ដីស្រឡាញ់ក្លែងក្លាយ។ ណាមួយនាងក៏ចង់ទុកពេលបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយដើម្បីឱ្យមានភាពរឹងប៉ឹងក្នុងជីវិតដែរ។ ជាមួយគ្នានេះដែរ តូតា ក៏បានបង្ហើបឱ្យដឹងថា ទោះបីនាងជាស្ដ្រីមែន តែក៏មិនចង់ដាក់បន្ទុកទាំងស្រុងលើស្វាមីក្រោយពេលរៀបការហើយដែរ។
នាងបញ្ជាក់ថា៖ «ចិត្ដខ្ញុំ បើទោះមានមុខរបរផ្ទាល់ខ្លួនធំដុំក៏ដោយ ក៏យើងមិនត្រូវធ្វើចរិតឆ្មើងឆ្មៃដាក់ស្វាមីដែរ ត្រូវមានការគោរពគ្នាទៅវិញទៅមកទៅរស់នៅមានសុភមង្គល»៕