ក្នុងឆ្នាំ 2020 ប្រាក់បៀវត្សសរុបប្រចាំឆ្នាំរបស់លោក Tim Cook ដែលជា CEO នៃក្រុមហ៊ុន Apple បានកើនជិត 30% ពោលគឺខ្ទង់ 15 លានដុល្លារអាមេរិក នៅពេលដែលក្រុមហ៊ុនផលិត iPhone នេះ បានរីកចម្រើនខ្លាំងក្នុងសម័យ Covid-19។
យោងតាមសេចក្ដីប្រកាសរបស់ Apple ប្រាក់រង្វាន់របស់ CEO Tim Cook បានកើនឡើង 28% ក្នុងឆ្នាំ 2020 បើគិតជាទឹកប្រាក់ ស្មើនឹង 14,769,259 ដុល្លារអាមេរិក។ ឆ្នាំ 2019 ប្រាក់ដែលលោករកបាន (មិនទាន់បូករួមទាំងរង្វាន់ជាមូលបត្រ) ចំនួន 11,555,466 ដុល្លារ។
ជាសរុប ថ្នាក់ដឹកនាំកំពូលៗចំនួន 5 រូបរបស់ Apple (Tim Cook, នាយកផ្នែកហិរញ្ញវត្ថុ Luca Maestri, នាយកផ្នែកច្បាប់ Kate Adams, នាយកផ្នែកលក់រាយ Deirdre O’Brien, នាយកប្រតិបត្តិ Jeff Villiams) ត្រូវបានផ្ដល់ប្រាក់បៀវត្សចំនួន 119,8 លានដុល្លារ កើន 13% ធៀបនឹងឆ្នាំ 2019។
កាលពីខែសីហា ឆ្នាំ 2020 CEO របស់ Apple បានក្លាយជាមហាសេដ្ឋីជាផ្លូវការ ដោយសារប្រាក់ចំណូល និងមូលបត្រដែលលោកមាននៅក្នុងក្រុមហ៊ុន Apple។
ប្រាក់បៀវត្សគោលរបស់លោក Tim Cook គឺ 3 លានដុល្លារ មិនមានការប្រែប្រួលបើធៀបនឹងឆ្នាំមុន។ លោក Tim Cook ក៏ទទួលបានរង្វាន់ផ្នែកពាណិជ្ជកម្មចំនួន 10,7 លានដុល្លារផងដែរ។ ក្រៅពីនេះ Apple ថែមទាំងចំណាយប្រាក់ 1 លានដុល្លារផ្សេងទៀតទាក់ទងនឹងតំណែង CEO មានដូចជា 470,000 ដុល្លារសម្រាប់សន្តិសុខ និង 430,000 ដុល្លារសម្រាប់ការធ្វើដំណើរ។
Apple បានឱ្យដឹងថា ប្រាក់បៀវត្សរបស់ CEO ខ្ពស់ជាង 256 ដង បើធៀបនឹងប្រាក់បៀវត្សជាមធ្យមរបស់បុគ្គលិក (57,783 ដុល្លារ) ក្នុងឆ្នាំ 2020។ ឆ្នាំ 2019 អត្រានេះខុសគ្នាចំនួន 200 ដង៕
ប្រភព៖ BI