ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនថ្មីមួយទៀតបានសម្រេចចិត្តឈានជើងចូលមកវិនិយោគនៅកម្ពុជាតាមរយៈការវិនិយោគលើគម្រោង ARATA។
លោក TAKASHI Eguchi អគ្គនាយកក្រុមហ៊ុន CREED ASIA (Cambodia) Co,Ltd បានថ្លែងឲ្យដឹងនៅការិយាល័យរបស់លោកនាព្រឹកថ្ងៃទី21 សីហាម្សិលមិញនេះថា ការវិនិយោគលើគម្រោង ARATA ដែលបានសម្ពោធកាលពីថ្ងៃទី20 សីហាកន្លងទៅនេះមានការចូលរួមពីក្រុមហ៊ុនជប៉ុនថ្មីមួយទៀតគឺក្រុមហ៊ុន Hoosiers បានមកចាប់ដៃគូជាមួយយើង។លោកបន្តថា ដូច្នេះគម្រោងវិនិយោគថ្មីនេះមានការសហការពីក្រុមហ៊ុនចំនួន3 គឺក្រុមហ៊ុន CREED GROUP ក្រុមហ៊ុន TRIPLE GEM និងក្រុមហ៊ុន Hoosiers។
លោកបន្តថា “យើងមានសុទិដ្ឋិនិយមលើទីផ្សារកម្ពុជា ដោយសារចំនួនប្រជាជនកាន់តែច្រើនឡើងមានប្រាក់ចំណូលកើនឡើង និងប្រជាជនកម្ពុជានៅតែពេញនិយមរស់នៅតាមលំនៅដ្ឋានក្នុងបុរីនានា។ លោកបន្តថា “កម្ពុជាជាប្រទេសមានភាពបើកចំហយ៉ាងខ្លាំងដែលផ្តល់នូវភាពកក់ក្តៅដល់អ្នកវិនិយោគមកបណ្តាក់ទុននៅទីនេះ។
គម្រោងបុរី ARATA ស្ថិតនៅលើផ្ទៃដីជាង 12ហិកតា និងមានផ្ទះជាច្រើនប្រភេទដែលបានលក់ក្នុងតម្លៃចាប់ពីជាង 87,000ដុល្លារ ដល់ជាង 200,000ដុល្លារអាមេរិក។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ីដែលជាធនាគារផ្តល់សេវាទូទាត់សាច់ប្រាក់ជាមួយអ្នកវិនិយោគជប៉ុនជាង1,000ក្រុមហ៊ុននោះបានថ្លែងថា អ្នកវិនិយោគជប៉ុនមុនពេលពួកគេសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ ពួកគេបានសិក្សាច្បាស់លាស់ណាស់លើកត្តាសំខាន់ៗចំនួន3 គឺស្ថិរភាពនយោបាយ ស្ថិរភាពសង្គមដែលមិនមានអ្វីប្រែប្រួលជាដុំកំភួន និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន។
លោកបន្តថា “ក្រៅពីកត្តាទាំង3នេះហើយ បទប្បញ្ញត្តិ និងច្បាប់នានាក៏មានភាពអំណោយផល ពិសេសច្បាប់វិនិយោគរបស់កម្ពុជា និងច្បាប់ទាក់ទងនឹងពន្ធដែលបានផ្តល់ភាពអនុគ្រោះ និងលើកទឹកចិត្តដល់អ្នកវិនិយោគយ៉ាងខ្លាំង មិនថាតែអ្នកវិនិយោគជាតិ ឬអន្តរជាតិឡើយ គឺរដ្ឋាភិបាលបបានអនុវត្តស្មើៗគ្នាដោយគ្មានការរើសអើងឡើយ៕