តំបន់ជាច្រើននៅលើផែនដី នារដូវរងាតែងតែមានព្រឹលធ្លាក់។ ប៉ុន្តែ នៅលើភព និងទីកន្លែងផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យវិញ តើមានធ្លាក់ព្រឹលដូច្នេះដែរ ឬទេ?
ភពព្រះអង្គារ (Mars) ភពព្រហស្បតិ៍ (Jupiter) និងព្រះចន្ទ Enceladus របស់ភពសៅរ៍ (Saturn) គឺជាទីកន្លែងដែលមានបាតុភូតដូចទៅនឹងការធ្លាក់ព្រឹលនារដូវរងានៅលើភពផែនដី។
មិនចាំបាច់ទៅរកឯណាឆ្ងាយនោះទេ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញព្រឹលធ្លាក់នៅលើផ្កាយព្រះអង្គារ។ កាលពីឆ្នាំ 2008 យានចុះចត Phoenix របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានរកឃើញព្រឹលប្រភេទទឹកកក និងប្រភេទព្រឹលធម្មតាដូចនៅលើផែនដី បានធ្លាក់នៅក្បែរប៉ូលខាងជើងនៃភពព្រះអង្គារ។ ចំណែកព្រឹលទម្រង់ទឹកកកស្ងួត (CO2 កក) ត្រូវបានប្រទះឃើញធ្លាក់នៅជុំវិញប៉ូលខាងត្បូង។
យោងតាម NASA បើទោះជាមានសីតុណ្ហភាពជាធម្យម -63 អង្សាសេ ប៉ុន្តែ ព្រឹលដែលធ្លាក់មក តែងតែហួតជាចំហាយឡើងទៅលើ មុននឹងអាចធ្លាក់មកលើផ្ទៃរបស់ភពព្រះអង្គារ ដោយសារតែភពនេះមានបរិយាកាសស្ដើងពេក។
នៅលើភពព្រហស្បតិ៍វិញ ពពកទឹកកកធ្លាក់ចុះដោយលាយលំជាមួយនឹងទឹកកកប្រភេទទឹកធម្មតា និងអាម៉ូញាក់ ដែលវាស្រដៀងនឹងភ្លៀងទឹកកកច្រើនជាង។ បាតុភូតនេះត្រូវបានរកឃើញដោយយានអវកាស Juno របស់ NASA។
ទីកន្លែងដែលល្អបំផុតសម្រាប់លេងកីឡានារដូវរងាក្នុងប្រព័ន្ធព្រះអាទិត្យ នោះគឺ Enceladus ដែលជាព្រះចន្ទរបស់ភពសៅរ៍ ដោយមានចង្កេះភ្នំដែលគ្របដណ្ដប់ពេញដោយល្បាយទន់ៗដូចម្សៅ។ យោងតាមទិន្នន័យដែលបានមកពីយានអវកាស Cassini របស់ NASA គ្រាប់ទឹកកកល្អិតៗបាញ់ចេញពីដីទៅលើអាកាស ហើយធ្លាក់មកវិញទៅតាមទិសដែលគេអាចព្យាករបាន។ ក៏ប៉ុន្តែ ល្បឿននៃការធ្លាក់មកវិញរបស់គ្រាប់ទឹកនេះ មានសភាពយឺតជាងនៅលើផែនដី។ ផ្ទៃខាងលើរបស់ព្រះចន្ទ Enceladus ទទួលបានផង់ទឹកល្អិតនេះមិនដល់ 1/1,000 ផង នៅក្នុងមួយឆ្នាំ៕
ប្រភព៖ Amaze Lab