Tesla បានធ្វើឱ្យមានការភ្ញាក់ផ្អើលថ្មីនៅប្រទេសចិន ដែលតភ្ជាប់ជោគជ័យដ៏ធំធេងកាលពីឆ្នាំ 2020 កន្លងទៅ ដោយទទួលបានការបញ្ជាទិញរថយន្តអគ្គិសនីដល់ទៅ 100,000 គ្រឿង ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ក្រុមហ៊ុន Tesla បានប្រកាសបង្ហាញវត្តមានរថយន្តអគ្គិសនី Model Y កំណែចិនជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃចាប់ពី 339,900 ដល់ 369,900 យន់ (52,570 ដល់ 57,210 ដុល្លារអាមេរិក)។
នៅពេលព័ត៌មាននេះត្រូវបានប្រកាស តួលេខនៃការបញ្ជាទិញរថយន្ត Tesla Model Y នៅប្រទេសចិន បានកើនឡើងលើសពី 100,000 គ្រឿង ដោយប្រើពេលត្រឹមតែ 10 ម៉ោងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចំនួនមនុស្សចូលមើលគេហទំព័ររបស់ Tesla ក៏កើនឡើងយ៉ាងខ្ពស់ បណ្ដាលឱ្យវាត្រូវផ្អាកដំណើរការមួយរយៈ។ មានព័ត៌មានមួយចំនួននិយាយថា រថយន្តថ្មីនឹងត្រូវបានប្រគល់ជូនអតិថិជននៅក្នុងខែមករា ឆ្នាំ 2021 នេះ។
រថយន្ត Tesla Model Y កំណែចិន មានរចនារូបរាងខាងមុខដូចទៅនឹងកំណែអន្តរជាតិ ប៉ុន្តែ រូបរាងខាងក្រោយគឺដូចទៅនឹង Model 3 និងមានបន្ថែមភាសាចិនទៅលើពាណិជ្ជសញ្ញា។
Model Y កំណែចិន ត្រូវបានបំពាក់ម៉ាស៊ីនកម្លាំង 431 សេះ អាចបង្កើនល្បឿនពី 0 – 100 គម ដោយប្រើពេល 5.1 វិនាទី ខណៈកំណែ Performance គឺ 3.7 វិនាទី។ បន្ទាប់ពីបានបញ្ចូលថាមពលពេញ រថយន្ត Model Y អាចបើកបរបាន 594 គម ចំណែកកំណែ Performance គឺ 480 គម។
Tesla បានបង្កឱ្យមានភាពជ្រួលជ្រើមថ្មីនៅប្រទេសចិន ទាក់ទងនឹងការនិយមប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះបាននិងកំពុងបន្តអូសបន្លាយជោគជ័យដ៏ធំធេងរបស់ខ្លួនដែលទទួលបានកាលពីឆ្នាំ 2020 កន្លងទៅ៕
ប្រភព៖ chinapev