បើសិនមិនមានអ្វីប្រែប្រួល ក្រុមហ៊ុន SpaceX អាចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតេស្តកំណែចំនួនពីរនៃយានអវកាស Starship នាប៉ុន្មានសប្ដាហ៍ខាងមុខ។
កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 នៅក្នុងការឆ្លើយតបទៅនឹងរូបភាពមិនផ្លូវការមួយសន្លឹកដែលបានឆ្លងកាត់ការកាត់ត បង្ហាញអំពីយានអវកាស Starship ចំនួនពីរគ្រឿងដែលស្ថិតនៅលើប្រព័ន្ធបាញ់បង្ហោះរបស់ SpaceX នៅក្នុងរដ្ឋ South Texas លោក Elon Musk បានឱ្យដឹងថា រូបភាពប្រដូចនេះ «នឹងក្លាយជាការពិតក្នុងពេលឆាប់»។
ក្នុងរយៈពេល 4 ខែចុងឆ្នាំ 2020 ក្រុមវិស្វកររបស់ SpaceX បានចាប់ផ្ដើមសាងសង់បង្គោលទម្របាញ់បង្ហោះថ្មី (ប្រព័ន្ធសម្រាប់ទ្រ ចាក់ប្រេង និងបាញ់បង្ហោះយានអវកាស Starship) ដើម្បីបន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាបច្ចុប្បន្ន។ ដំណើរការនៃការសាងសង់នេះ ត្រូវបានធ្វើឡើងមុនពេលបាញ់បង្ហោះយាន SN5 និង SN6 និងក្រោយការផ្ទុះរបស់យាន Starship SN4 ដែលបានបំផ្លាញប្រព័ន្ធទម្រមួយកន្លែង។
តាមគម្រោង ប្រព័ន្ធបាញ់បង្ហោះនេះនឹងជួយដល់ការធ្វើតេស្តសាកល្បងជាមួយនឹងអណ្ដាតភ្លើងថេររបស់យាន Starship ដែលត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 4 ខែមករា ឆ្នាំ 2021 (ថ្ងៃទី 5 នៅកម្ពុជា) នេះ។
យានអវកាសសម្រាប់ធ្វើតេស្ត SN10 និង SN11 ត្រូវបានដំឡើងកាលពីថ្ងៃទី 2 មករា ឆ្នាំ 2021 ដូច្នេះ ការសាកល្បងបាញ់បង្ហោះយានច្រើនគ្រឿងក្នុងពេលតែមួយ ពិតជាអាចទៅរួចក្នុងអំឡុងខែមករានេះ៕
ប្រភព៖ Teslarati