ផ្ទះណាដែលមានរបស់របរទុកចោលរកេករកាកច្រើនរហូតនឿយហត់ និងធុញទ្រាន់ក្នុងការដើរប្រមូលយកមកទុកដាក់ឱ្យមានរបៀបវិញនោះ ថ្ងៃនេះយើងមានវិធីជួយឱ្យលោកអ្នករក្សាបាននូវភាពស្អាតបាតមានរបៀបរៀបរយនៅក្នុងផ្ទះត្រៀមចាំទទួលភ្ញៀវមកលេង ដែលអាចជួយបន្ធូរកម្លាំងបងៗមេផ្ទះបានខ្លះដែរ ។
- កុំរៀបចំទុកដាក់របស់របរផ្សេងៗនៅក្នុងផ្ទះក្នុងពេលតែមួយ ព្រោះនឹងធ្វើឱ្យអ្នកអស់កម្លាំងខ្លាំងជាមិនខាន ចូរចាប់ផ្តើមពីកន្លែងតូចៗជាមុន ដូចជា លើតុ ទូថ្នាក់ដាក់របស់ផ្សេងៗ ហើយសឹមពង្រីកទៅរកកន្លែងដែលមានបញ្ហាច្រើន ដូចជា រោងចតឡាន ឬបន្ទប់ដាក់សម្ភារៈជាដើម ។
- គន្លឹះសំខាន់ គឺឧស្សាហ៍មើលថែទាំ បើលោកអ្នកឧស្សាហ៍មើលថែបោសជូត និងសម្អាតទីកន្លែងផ្សេងៗឱ្យមានរបៀបរៀបរយគ្រប់ពេលបន្ទាប់ពីប្រើប្រាស់រួចជានិច្ចនោះ លោកអ្នកនឹងមិនជួបបញ្ហារបស់របរទុកចោលអារាត់អារាយឡើយ
- ស្រវាយករបស់របរទាំងអស់ចេញមកពីក្នុងទូ និងថតតុ ហើយយកមកដាក់គរួមគ្នា រួចរើសយករបស់ណាដែលអ្នកលែងត្រូវការប្រើហើយនោះដាក់ចូលក្នុងថង់ទុកបរិច្ចាគ ដើម្បីកុំឱ្យនៅសល់វត្ថុដែលអ្នកឈប់ប្រើហើយនោះនៅទើសមុខទើសមាត់ទៀត ។
- រៀងរាល់ឆ្នាំ ចូររកកេសធំៗ៣ មករៀបចាត់ញែកចេញដោយឡែកពីគ្នាថា កេសមួយណាដែលទុកដាក់របស់ទុកបរិច្ចាគ របស់ដែលត្រូវយកទៅបោះចោល និងរបស់ដែលនៅទុកប្រើបានមួយឆ្នាំទៀតតាមលំដាប់ ។
- អ្វីដែលអ្នកមិនប្រាកដក្នុងចិត្តថា តើចាំបាច់ត្រូវទុកឬអត់នោះ កុំស្ទាក់ស្ទើរ បោះចោល ឬបរិច្ចាគតែម្តងទៅល្អជាង ។
- កន្លែងដាក់របស់របរនៅលើតុ ព្យាយាមកំណត់ឱ្យមានត្រឹមតែវត្ថុ ៣ មុខបានហើយ ។
- កុំព្យាយាមសន្សំរូបលម្អដែលមានដែកឆក់នៅតាមទូទឹកកក ព្រោះកន្លែងនេះហើយដែលធ្វើឱ្យមើលទៅឃើញផ្ទះស៊ុបទ្រុបនោះ ។
- រៀបចំគ្រឿងប្រើប្រាស់ការិយាល័យដាក់ក្នុងកញ្រ្ចែង ឬថ្នាក់ដាក់ឯកសារ រួមទាំងប្រអប់ដាក់ប៊ិចខ្មៅដៃឱ្យមានរបៀប ដើម្បីកុំឱ្យរញេរញ៉ៃលើតុធ្វើការ ។
- បែងចែកទីកន្លែងប្រមាណ ១០ ភាគរយនៃផ្ទៃផ្ទះទាំងមូល ទុកសម្រាប់ទុកដាក់របស់របរផ្សេងៗ ។
- អាចកែសម្រួលការប្រើប្រាស់គ្រឿងតុទូមួយចំនួនឱ្យកើតប្រយោជន៍បាន ដូចជា យកហឹប ឬថតតុមកដាក់ធ្វើជាកន្លែងទុករបស់របរនៅក្នុងបន្ទប់ទទួលភ្ញៀវ ជាដើម ៕