បរិមាណផលិតដែលបានលក់ចេញរបស់ក្រុមហ៊ុន Tesla ក្នុងឆ្នាំ 2020 នេះ បានកើន 36% បើធៀបជាមួយនឹងឆ្នាំ 2019 ប៉ុន្តែ នៅតែមិនទាន់ដល់គោលដៅដែលក្រុមហ៊ុននេះបានដាក់ចេញ។
ក្នុងឆ្នាំ 2020 ក្រុមហ៊ុន Tesla បានប្រគល់រថយន្តអគ្គិសនីដល់ដៃអតិថិជនចំនួន 499,550 គ្រឿង ជាមួយនឹងបរិមាណ 180,570 គ្រឿងដែលបានលក់ចេញនៅក្នុងត្រីមាសចុងក្រោយ។ តួលេខសរុបនេះខ្ពស់ជាង 36% បើធៀបនឹងឆ្នាំ 2018។ ចំណែកផលិតផលសម្រេចក្នុងឆ្នាំ 2020 គឺ 509,737 គ្រឿង ដូច្នេះ នៅសល់ជាង 10,000 គ្រឿងទៀតដែលមិនទាន់ត្រូវបានប្រគល់ដល់ដៃអតិថិជន។
ថ្វីបើក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បរាជ័យក្នុងការលក់ឱ្យបាន 500,000 គ្រឿងក្នុងឆ្នាំ 2020 ប៉ុន្តែ ពួកគេនៅតែទទួលបានជោគជ័យច្រើន ក្រោយរយៈពេលមួយឆ្នាំដែលរងផលប៉ះពាល់ដោយសារ Covid-19។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានសរសេរនៅលើទំព័រ Twitter ថា៖ «មានមោទកភាពចំពោះក្រុមបុគ្គលិក Tesla ព្រោះបានឈានដល់ដំណាក់កាលសំខាន់នេះ»។
ក្រុមហ៊ុន Tesla បានបញ្ចេញរបាយការណ៍មួយបង្ហាញថា ខ្លួនបានចំណេញបន្តបន្ទាប់រហូតដល់ត្រីមាសទីប្រាំ។ បច្ចុប្បន្ន តម្លៃមូលបត្ររបស់ Tesla បានកើនឡើងជាង 700% បើធៀបនឹងឆ្នាំមុន។ Tesla ក៏ក្លាយជាសមាជិកមួយនៅក្នុងបញ្ជី S&P 500 ដែលជាបណ្ដុំនៃក្រុមហ៊ុនចំនួន 500 ដែលមានតម្លៃទុនខ្ពស់ជាងគេក្នុងពិភពលោក៕
ប្រភព៖ Engadget