ឧបករណ៍បង្កើតប្រតិកម្មនុយក្លេអែ tokamak ដែលប្រើប្រាស់ដែនម៉ាញេទិកដ៏ខ្លាំងក្លាដើម្បីរារាំង plasma ដ៏សែនក្ដៅមិនឱ្យប៉ះពាល់ទៅនឹងគ្រឿងម៉ាស៊ីន ដែលអាចធ្វើឱ្យលោហធាតុត្រូវរលាយនិងហួតជាចំហាយ។
ឧបករណ៍បង្កើតប្រតិកម្មនុយក្លេអែ tokamak របស់កូរ៉េខាងត្បូង (KSTAR) បានបង្កើតឯតទគ្គម្មពិភពលោកថ្មី នៅពេលរក្សា plasma ក្នុងសីតុណ្ហភាព ion ដែលលើសពី 100 លានអង្សាសេក្នុងរយៈពេល 20 វិនាទី កាលពីថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2020។ នេះគឺជាការបោះជំហានដ៏ធំ និងយ៉ាងសំខាន់មួយក្នុងគោលដៅប្រកបដោយមហិច្ឆតាក្នុងការបង្កើតថាមពលស្អាតជាងមុន តាមរយៈប្រតិកម្មសំយោគនុយក្លេអែ។
ក្នុងដំណាក់កាលប្រតិកម្ម នុយក្លេអែអាតូមពីរដែលមានទំហំតូច រួមបញ្ចូលគ្នាបង្កើតបានជានុយក្លេអែអាតូមដែលធំជាង នាំឱ្យបង្កើតបានជាថាមពល។ ដើម្បីធ្វើបានដូច្នេះ បណ្ដាអ៊ីសូតូប (isotopes) អ៊ីដ្រូសែន ត្រូវបានដាក់នៅក្នុងឡប្រតិកម្មនុយក្លេអែ tokamak ដូចជា KSTAR ដើម្បីបង្កើត plasma ជាកន្លែងដែលអ៊ីយ៉ុង(ion) និង អេឡិចត្រុង (electron) ត្រូវបានបំបែកចេញពីគ្នា បន្ទាប់មក អ៊ីយ៉ុងត្រូវបានកម្ដៅ និងរក្សានៅក្នុងសីតុណ្ហភាពមហាក្ដៅ។
Tokamak បង្កើតដែនម៉ាញេទិកខ្លាំងៗចំនួនបីដើម្បីទប់ plasma ដែលឡើងកម្ដៅខ្លាំង។ កម្លាំងខ្លាំងនៃដែនម៉ាញេទិកត្រូវបានបង្កើតឡើងដើម្បីទប់មិនឱ្យ plasma ប៉ះនឹងគ្រឿងម៉ាស៊ីន ព្រោះថា plasma អាចធ្វើឱ្យលោហធាតុរលាយបើសិនវាចេញមកក្រៅ។
ប្រព័ន្ធខ្សែរុំម៉ាញេទិកនៅខាងក្រៅ ជួយកំណត់ទិស និងកំណត់រូបរាង plasma ដែលក្ដៅខ្លាំង ឱ្យស្ថិតនៅក្នុងទម្រង់រង្វិលជុំ ក្នុងបំណងរក្សាស្ថិរភាពរបស់ plasma ឱ្យបានយូរគ្រប់គ្រាន់ដើម្បីកកើតប្រតិកម្មនុយក្លេអែ៕
ប្រភព៖ Next