ក្រុមហ៊ុន Boston Dynamics បានចែករំលែកវីដេអូថ្មីបំផុតមួយរបស់ខ្លួន បង្ហាញអំពីសកម្មភាពរបស់ឆ្កែយន្ត និងរ៉ូបូតជាច្រើនទៀត នាំគ្នារាំរែកទៅតាមចង្វាក់នៃបទចម្រៀងដែលមានចំណងជើងថា «Do You Love Me» របស់ក្រុមចម្រៀង Contours ដើម្បីជូនពរឆ្នាំថ្មី។
ក្នុងវីដេអូនេះ គេឃើញមានវត្តមានរបស់មនុស្សយន្ត Atlas ឆ្កែយន្ត Spot និងរ៉ូបូតជញ្ជូនទំនិញ Handle ផងដែរ។ ពួកគេរាំទៅតាមចង្វាក់ភ្លេងនៃបទចម្រៀងដ៏ល្បីល្បាញនៃទសវត្សរ៍ឆ្នាំ 1962 ហើយបានទាក់ទាញអ្នកចូលមើលជិត 5 សែននាក់។
មហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ក៏បានសំដែងការកោតសរសើរផងដែរ បន្ទាប់ពីបានមើលវីដេអូនេះ។ លោក Musk បញ្ចេញយោបល់ថា៖ «នេះមិនមែនជាការកាត់តនោះទេ»។
Boston Dynamics បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានដំណើរការកាលពីឆ្នាំ 2009 ហើយបានឧទ្ទេសនាម Atlas ក្នុងឆ្នាំ 2013 និង Spot Classic ក្នុងឆ្នាំ 2015។ ចាប់ពីពេលនោះមក ក្រុមហ៊ុនក៏បានអភិវឌ្ឍម៉ូដែលរ៉ូបូតជាច្រើនផ្សេងទៀតប្រកបដោយភាពទាក់ទាញ និងអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ រ៉ូបូតរបស់ Boston Dynamics អាចឈរដោយជើង 2 ឬជើង 4 ក៏មាន។
ក្រុមហ៊ុន Boston Dynamics ឱ្យដឹងថា រ៉ូបូត Atlas ដែលមានកម្ពស់ 145សម និងទម្ងន់ជាង 75គក ត្រូវបានរចនាឡើងសម្រាប់ធ្វើការនៅខាងក្រៅ អគារ ឬលើទីតាំងដែលមានសណ្ឋានដីរដិបរដុប។ Atlas អាចដើរដោយជើង 2 និងធ្វើការស្ទើរតែដូចទាំងស្រុងទៅនឹងមនុស្ស។
ចំណែករ៉ូបូត Spot វិញ វាអាចជួយក្រុមគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និងដើរល្បាតជុំវិញទីតាំងពិសោធន៍នានារបស់លោក Elon Musk នៅតំបន់ Boca Chica នៃរដ្ឋ Texas សហរដ្ឋអាមេរិក។
ចុងក្រោយគឺរ៉ូបូត Handle។ រ៉ូបូតនេះអាចឈរនៅលើប្រព័ន្ធកង់2 នៅក្នុងពេលលើកដាក់ទំនិញ។ ខណៈដែល Atlas និង Handle កំពុងស្ថិតក្នុងការអភិវឌ្ឍបន្ថែម រ៉ូបូត Spot ត្រូវបានដាក់លក់ក្នុងទីផ្សារទៅហើយ៕
ប្រភព៖ New Atlas