នេះប្រហែលជាមូលហេតុដែលនាំឱ្យមហាសេដ្ឋី Elon Musk យកចិត្តទុកដាក់ទៅលើរូបិយវត្ថុ bitcoin នាពេលថ្មីៗនេះ។
មហាសេដ្ឋីអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុនអវកាស SpaceX កំពុងតែមានគម្រោងនាំមនុស្សឡើងទៅកាន់ភពព្រះអង្គារចាប់ពីឆ្នាំ 2024 ជាមួយនឹងគោលដៅបង្កើត «ទីក្រុងស្វ័យគ្រប់គ្រងមួយនៅលើភពព្រះអង្គារ»។ ដើម្បីមានទីក្រុងបែបនេះ វាត្រូវតែគ្រប់គ្រងដំណើរការសេដ្ឋកិច្ចដោយឡែករបស់ខ្លួន ហើយបើតាមលោក Musk ទីក្រុងនេះនឹងទូទាត់ថ្លៃទំនិញជាដើម ដោយប្រើប្រាស់រូបិយប័ណ្ណស្រមោល ដែលគេហៅថា ប្រាក់ឌីជីថល។
ឆ្លើយតបនឹងការបង្ហោះសារនៅលើ Twitter របស់អ្នកស្រាវជ្រាវ AI លោក Lex Fridman លោក Musk ក៏បានយល់ស្របនឹងគំនិតដែលថា «ខឿនសេដ្ឋកិច្ចលើពិភពព្រះអង្គារនឹងត្រូវដំណើរការដោយយោងទៅលើប្រាក់ឌីជីថល»។ មហាសេដ្ឋី Elon Musk ថែមទាំងបានបង្ហើបឱ្យដឹងថា រូបិយវត្ថុនោះអាចជាប្រាក់ Dogecoin ឬប្រភេទប្រាក់ឌីជីថលថ្មីមួយដែលមានឈ្មោះថា Marcoin។
គម្រោង Marcoin ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2014 និងទទួលបានស្គាល់កំណើនរយៈពេលខ្លីក្នុងដំណាក់កាលទើបចាប់ផ្ដើមនៃរូបិយវត្ថុស្រមោលកាលពីឆ្នាំ 2017 ប៉ុន្តែ ចាប់ពីពេលនោះមក វាហាក់ដូចជាបានបាត់ខ្លួនពីទីផ្សារទៅហើយ។ ទំព័រ CoinMarketCap ឱ្យដឹងថា ប្រាក់ឌីជីថលនេះ បច្ចុប្បន្នមានតម្លៃទីផ្សារមិនដល់ 100,000 ដុល្លារអាមេរិក។
Dogecoin ទំនងជាបេក្ខភាពសមស្របជាង នៅពេលវាមានឈ្មោះល្បីគួរសម បើធៀបនឹង Marcoin និងមានលក្ខណស្រដៀងទៅនឹង bitcoin។
កាលពីសប្ដាហ៍មុន តម្លៃរបស់ប្រាក់ Dogecoin នេះ បានកើនឡើង 1/3 បន្ថែមទៀត បន្ទាប់ពីលោក Musk បានប្ដូរ story របស់ខ្លួននៅលើ Twitter ទៅជា «អតីត CEO របស់ Dogecoin» និងបង្ហោះសារ៖ «One word: Doge»។
កាលពីច្រើនខែមុន លោក Musk ធ្លាប់បានណែនាំឱ្យតារាសម្ដែង Maisie Williams ថា មិនគួរវិនិយោគទៅលើ bitcoin ហើយថែមទាំងប្រាប់ថា វាជាប្រាក់បីសាច។ ប៉ុន្តែ ប៉ុន្មានថ្ងៃមុននេះ លោក Musk បែរជាងាកមកសួរលោក Micheal Saylor ដែលជាបុគ្គលល្បីឈ្មោះក្នុងវិស័យប្រាក់ឌីជីថល អំពីសក្ដានុពលសម្រាប់ការទូទាត់ដោយប្រើរូបិយវត្ថុ bitcoin ទៅវិញ។
មិនត្រឹមតែនៅក្នុងវិស័យសេដ្ឋកិច្ចនៅលើផែនដីនោះទេ មុននេះ លោក Musk ក៏ធ្លាប់បានធ្វើឱ្យមានការរឿងចម្រូងចម្រាសផងដែរ នៅពេលលោកប្រកាសថា ច្បាប់អន្តរជាតិនឹងមិនត្រូវបានអនុវត្តនៅលើឋានព្រះអង្គារ។ ជំនួសមកវិញ វានឹងជាប្រព័ន្ធ «បទបញ្ជាស្វ័យគ្រប់គ្រង»។
យោងតាមប្រការដែលបានចែងនៅក្នុងលក្ខខណ្ឌនៃការផ្ដល់សេវាសម្រាប់គម្រោងអ៊ីនធើណិតពីផ្កាយរណប Starlink របស់ SpaceX រាល់ពលរដ្ឋដែលនឹងរស់នៅលើឋានព្រះអង្គារ ក៏នឹង «ទទួលស្គាល់ថា ពិភពព្រះអង្គារគឺជាភពសេរី» ហើយថា «មិនមានរដ្ឋាភិបាលណាមួយនៅលើផែនដី មានអំណាច ឬសកម្មសិទ្ធិលើសកម្មភាពនៅលើពិភពព្រះអង្គារ» នោះឡើយ៕