ធ្លាប់ត្រូវបានដាក់លក់ក្នុងតម្លៃ 100 លានដុល្លារអាមេរិក ប៉ុន្តែមកដល់បច្ចុប្បន្ន កសិដ្ឋានរបស់អតីតកំពូលតារាចម្រៀង លោក Michael Jackson ទើបតែមានអ្នកទិញក្នុងតម្លៃត្រឹមតែ 22 លានដុល្លារប៉ុណ្ណោះ។
កសិដ្ឋាន Neverland នៅ California របស់ Michael Jackson បានរកឃើញម្ចាស់ថ្មីរបស់វា នោះគឺមហាសេដ្ឋី Ron Burkle។ អ្នកជំនួញនេះ ធ្លាប់ជាសហការីរបស់ Michael Jackson និងជាសហស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ Yucaipa Compaies។
Neverland ធ្លាប់ត្រូវបានដាក់លក់ក្នុងតម្លៃ 100 លានដុល្លារកាលពីឆ្នាំ 2015 ហើយក្រោយមកក៏បានថយមកនៅត្រឹម 67 លានដុល្លារក្នុងឆ្នាំ 2016 រួចក៏ធ្លាក់ថ្លៃមួយកម្រិត ដោយមកនៅត្រឹម 31 លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្តែ មហាសេដ្ឋី Burkle បានយល់ព្រមទិញក្នុងតម្លៃ 22 លានដុល្លារ នាចុងឆ្នាំ 2020 នេះ។ អ្នកនាំពាក្យរបស់លោក Burkle និយាយថា ថៅកែរបស់លោកចាត់ទុកដីទំហំ 1,000 ហិកតានេះថាជាឱកាសល្អសម្រាប់ជំនួញ។
លោក Burkle ចាប់អារម្មណ៍ទៅលើ Zaca Lake ដែលស្ថិតនៅក្បែរកសិដ្ឋានរបស់ Michael Jackson និងទុកវាដូចទៅនឹងទីតាំងថ្មីសម្រាប់ Soho House ជាក្លឹបមួយសម្រាប់តែសមាជិកប៉ុណ្នោះ ដែលវាមានទីតាំងនៅ Los Angeles, Miami, New York និង Toronto។
ប៉ុន្តែ ចុងក្រោយ Burkle យល់ថា Zaca Lake មានទីតាំងនៅឆ្ងាយ និងថ្លៃពេក ដូច្នេះ ក្រោយពីបានពិនិត្យមើលកសិដ្ឋានរបស់ Michael Jackson ពីលើអាកាស លោកក៏បានទាក់ទងដើម្បីទិញ។ មហាសេដ្ឋី Burkle បច្ចុប្បន្នគឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Soho House។
មុនពេលបានធ្លាក់មកដល់ដៃម្ចាស់ថ្មី កសិដ្ឋាន Neverland ត្រូវបានគ្រប់គ្រងដោយលោក Michael Jackson និងមូលនិធិវិនិយោគលើអចលនទ្រព្យ Colony Capital។ ក្រុមហ៊ុនវិនិយោគរួមគ្នានេះត្រូវបានបង្កើតឡើងក្រោយពី Colony «សង្គ្រោះ» Michael Jackson ពីការក្ស័យធនដោយប្រាក់ឥណទានដែលយកកសិដ្ឋានខាងលើធ្វើជារបស់បញ្ចាំ។
ដំបូងឡើយ Michael Jackson បានទិញកសិដ្ឋាន Neverland នេះក្នុងតម្លៃ 19.5 លានដុល្លារអាមេរិកកាលពីឆ្នាំ 1987។ លោកបានធ្វើឱ្យ Neverland ល្បីឈ្មោះ ដោយសារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀត ដូចជា ផ្លូវរថភ្លើង និងឧទ្យាសម្រាប់កម្សាន្តជាដើម។ ក្នុងឧទ្យាននេះក៏មានចិញ្ចឹមសត្វស្វាធំៗ និងសត្វដំរីផងដែរ។
កសិដ្ឋាននេះមានសំណង់សរុបចំនួនជាង 22 ក្នុងនោះមានវិមានបែប Normandy ដែលមានផ្ទៃក្រឡាទំហំ 1,100 ម៉ែត្រ។ ក្រៅពីនេះក៏មានផ្ទះសម្រាប់សម្រាកលម្ហែកាយ ទីលានបាល់បោះ ទីលានវាយកូនបាល់ រោងភាពយន្តដែលអាចផ្ទុកមនុស្សបាន 50 នាក់។ បន្ទាប់ពិលោក Jackson បានទទួលមរណភាព កសិដ្ឋាននេះត្រូវបានប្ដូរឈ្មោះទៅជា Sycamore Valley Ranch។
មហាសេដ្ឋី Ron Burkle គឺជាមនុស្សម្នាក់ដែលស្រលាញ់ចូលចិត្តស្ថាបត្យកម្មល្បីៗ និងបានកាន់កាប់ផ្ទះជាច្រើនខ្នងដែលគួរឱ្យចាប់អារម្មណ៍ រួមមាន Ennis House នៅ Los Angeles ដែលរចនាដោយ Frank Lloyd Wright និងត្រូវបានលក់ក្នុងតម្លៃ 18 លានដុល្លារកាលពីឆ្នាំមុន ក្រោយពីជួសជុលអស់ 10 លានដុល្លារ។ Burkle ក៏កាន់កាប់ផ្ទះមួយខ្នងមានឈ្មោះថា John Lautner នៅតំបន់ Palm Springs ដែលត្រូវបានរចនា និងសាងសង់កាលពីទសវត្សរ៍ឆ្នាំ 70 សម្រាប់តារាសិល្បអាមេរិក ដែលមានឈ្មោះថា Bob និង Dolores Hope៕
ប្រភព៖ WSJ