តេឡេស្កុបរលកវិទ្យុ FAST ចូលមកជំនួសស្ថានីយសង្កេតតារា Arecibo ដើម្បីជួយដល់សហគមន៍អ្នកស្រាវជ្រាវ បន្តស្វែងរកដាននៃជីវិតនៅក្នុងចក្រវាល។
តេឡេស្កុបដែលមានរូបរាងពាក់កណ្ដាលរង្វង់មូល និងមានជម្រៅ 500ម ស្ថិតនៅក្នុងស្រុក Pingtang ខេត្ត Quizhou ប្រទេសចិន និងមានឈ្មោះថា FAST បានយកឈ្នះលើស្ថានីយសង្កេតអវកាស Arecibo នៅតំបន់ Puerto Rico ហើយក្លាយជាតេឡេស្កុបវិទ្យុធំជាងគេក្នុងពិភពលោក បន្ទាប់ពីត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ 2016។ មុននេះ ស្ថានីយ Arecibo កាន់កាប់ឯតទគ្គកម្មនេះក្នុងរយៈពេល 53 ឆ្នាំ។ ក្រោយការដាច់ខ្សែកាបពីរលើកកាលពីដើមឆ្នាំ 2020 ស្ថានីយ Arecibo ក៏បានដួលរលំកាលពីខែវិច្ឆិកា 2020 បណ្ដាលឱ្យវាត្រូវបញ្ចប់សកម្មភាពទាំងស្រុង។ ជំនួសឱ្យ Arecibo ស្ថានីយតេឡេស្កុប FAST របស់ចិន កំពុងបើកទ្វារទទួលក្រុមតារាវិទូមកពីជុំវិញពិភពលោក។
«ក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់យើង មានទិសដៅបើកទ្វារទទួលសហគមន៍អន្តរជាតិ» Wang Qiming អ្នកគ្រប់គ្រងនៃមជ្ឈមណ្ឌលដំណើរការ និងអភិវឌ្ឍ FAST បានឱ្យដឹងដូច្នេះ។
ប្រទេសចិននឹងទទួលយកសំណើក្នុងការប្រើប្រាស់ឧបករណ៍ពីក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិចាប់ពីឆ្នាំ 2021 តទៅ។ ជាមួយនឹងថាសស្រូបរលកវិទ្យុដែលមានអង្កត់ផ្ចិត 500 ម៉ែត្រ តេឡេស្កុប FAST មិនត្រឹមតែធំជាងតេឡេស្កុប Arecibo ដែលបានខូចទាំងស្រុងហើយនោះទេ តែវាក៏មានថាមពលខ្លាំងជាងដល់ទៅ 3 ដងឯណោះ។ ត្រូវបានចាប់ពីដំណើរការតាំងតែពីខែមករា ឆ្នាំ 2020 តេឡេស្កុប FAST ថែមទាំងព័ទ្ធជុំវិញដោយតំបន់ដែលត្រូវកាត់បន្ថយរលកសញ្ញារំខានដែលមានអង្កត់ផ្ចិត 5 គម ដែលក្នុងតំបន់នេះ មិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទចល័ត និងកុំព្យូទ័រនោះទេ។
តេឡេស្កុបរលកវិទ្យុដូចជា FAST នេះ ប្រើប្រាស់អង់តែន និងបង្គោលស្រូបរលកសញ្ញាដើម្បីរុករករលកវិទ្យុដែលផ្សាយចេញពីទីអវកាស ដូចជាផ្កាយ កាឡាក់ស៊ី និងប្រហោងខ្មៅជាដើម។ ឧបករណ៍បែបនេះអាចប្រើដើម្បីបញ្ចេញរលកវិទ្យុ ឬចំណាំងផ្លាតពន្លឺពីវត្ថុអវកាសនៅក្នុងប្រព័ន្ធព្រះអាទិត្យទៀតផង។ អ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់ FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បីស្វែងយល់អំពីអវកាស ក៏ដូចជាភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយអាចកំណត់បានថា ពួកវាកំពុងស្ថិតនៅក្នុងតំបន់អំណោយផលសម្រាប់កកើតជីវិតបានដែរ ឬយ៉ាងណាផងដែរ៕
ប្រភព៖ Live Science