បច្ចេកវិទ្យាថ្មីចុងក្រោយបំផុតមួយគឺ Wi-Fi 6E ដែលជាបច្ចេកវិទ្យា Wi-Fi ជំនាន់ថ្មី ល្បឿនលឿនជាងមុន អាចនឹងត្រូវបានបំពាក់លើស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung គឺ Galaxy S21 Ultra។
ទាក់ទងនឹង Wi-Fi 6E នេះដែរ បើផ្អែកតាមឯកសាររបស់គណៈកម្មការសហព័ន្ធទំនាក់ទំនង របស់អាមេរិក ឬហៅកាត់ FCC បានឱ្យដឹងថា Galaxy S21 Ultra នឹងមានបំពាក់ដោយបច្ចេកវិទ្យា Wi-Fi 6E ជាស្មាតហ្វូនដំបូងៗគេ ដែលមានបំពាក់បច្ចេកវិទ្យានេះ។
ចំណុចសំខាន់មួយទៀតនៃ Galaxy S21 Ultra ដែលមាននៅក្នុងឯកសាររបស់ FCC គឺមានបញ្ជាក់ អំពីការគាំទ្រការប្រើប្រាស់ប៊ិច S Pen តែគេនៅតែសន្និដ្ឋានថា ប៊ិច S Pen នេះ នឹងមានលក់ដាច់ដោយឡែក មិនមានមកជាមួយស្មាតហ្វូនឡើយ។
ក្រៅពីបញ្ជាក់អំពីមុខងារ Wi-Fi 6E ហើយ ក៏មានការបញ្ជាក់អំពីមុខងារ UWB, NFC និងអាចសាកថ្មឱ្យឧបករណ៍ផ្សេង ដោយមិនប្រើខ្សែបានផងដែរ។ អ្នកវិភាគដ៏ជំនាញ របស់ស្ថាប័ន Barclays បានឱ្យដឹងថា iPhone ដែលត្រៀមប្រកាសចេញ នាឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់បច្ចេកវិទ្យាខាងលើនេះដូចគ្នា៕