ស្របពេលមានតារាចម្រៀងមួយចំនួន ពិសេសលោក ខេមរៈ សិរីមន្ដ បានចាកចេញពីផលិតកម្មសាន់ដេទៅកាន់ផលិតកម្មថ្មីនោះ ក៏ស្រាប់តែមានព័ត៌មានលេចឮឡើងថា សាន់ដេ ក៏មិនព្រមឱ្យខ្លួនអស់ធនធានមនុស្សសម្រាប់ធ្វើការងារដែរ ពោលគឺផលិតកម្មមួយនេះកំពុងត្រៀមទទួលវត្ដមានតារាចម្រៀងល្បីៗជាច្រើនរូបបន្ថែមទៀត ដូចជា ក្រុមក្មេងខ្មែរ លោក ហេង ពិទូ និងអេដា ជាដើម។
ដើម្បីស្រាយនូវចម្ងល់នេះ លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅនៃផលិតកម្មសាន់ដេ បានបញ្ជាក់ថា ការចេញចូលទៅមករបស់តារាចម្រៀងនៅក្នុងផលិតកម្មនីមួយៗ វាជារឿងធម្មតាទេ ប៉ុន្ដែផលិតកម្មនៅតែមានធនធានមនុស្សប្រើជាធម្មតា ពិសេសគឺផលិតកម្មសាន់ដេក៏បានត្រៀមបញ្ចូលធនធានមនុស្សល្អៗបន្ថែមទៀត ដើម្បីដំណើរការនៅក្នុងទីផ្សារ។
គ្រាន់តែចោទជាសំណួរថា តើធនធានថ្មីនោះជាក្រុមក្មេងខ្មែរ លោក ហេង ពិទូ និងអេដា ដូចគេលើកឡើងនោះតើមែនទេ? លោកឡាយ សុខចំរើន បញ្ជាក់ថា៖ «អូ! បញ្ហានេះខ្ញុំមិនអាចឆ្លើយបានទេ ខ្ញុំគ្រាន់តែឮមកពីខាងក្រៅវិញតែប៉ុណ្ណោះ ប៉ុន្ដែព័ត៌មានច្បាស់ការយ៉ាងណា ខ្ញុំក៏មិនទាន់អាចបញ្ជាក់បានដែរ»។
ទោះយ៉ាងណាអ្នកគ្រប់គ្រងរូបនេះ បានលើកសរសើរនូវសមត្ថភាពតារាចម្រៀងខាងលើនេះ ដោយលោកបានបញ្ជាក់ថា លោកមានការសប្បាយចិត្ដ ព្រមទាំងស្វាគមន៍ជានិច្ចចំពោះតារាចម្រៀងទាំងនោះ ប្រសិនបើរឿងនោះកើតឡើងពិតប្រាកដមែន ព្រោះក្រុមហ៊ុនមួយដែលមានធនធានមនុស្សល្អៗបែបហ្នឹង វាងាយស្រួលក្នុងធ្វើការងារដើម្បីអភិវឌ្ឍក្រុមហ៊ុនឱ្យមានភាពរីកចម្រើន៕