មនុស្សជាច្រើនអាចនឹងមានចរិតនិស្ស័យដែលគិតតែពីខ្លួនឯង(អាត្មានិយម) សម្លឹងតែអ្វីដែលនៅជិតៗខ្លួន ដូចជាអារម្មណ៍របស់ខ្លួនឯង ការខាតបង់របស់ខ្លួនឯង តម្រូវការរបស់ខ្លួនឯង ហើយបន្ទាប់ពីនោះ ក៏បញ្ចេញនូវទង្វើផ្សេងៗដែលតបស្នងនឹងរឿងផ្សេងៗទាំងនោះ សម្តែងចេញមកដោយការយកខ្លួនឯងជាធំ ជាគោល ដែលមកដល់ពេលនោះ ការយល់ពីអ្នកដទៃក៏លែងកើតមានដែរ។
មនុស្សយើងច្រើនតែធ្លាក់ទៅក្នុងស្ថានការណ៍បែបហ្នឹងដោយមិនដឹងខ្លួន ជួនកាលក៏អាចហុចផលឱ្យយើងកាត់ក្តីអ្នកដទៃដោយអារម្មណ៍របស់ខ្លួនឯង យល់តែពីខ្លួនឯង គិតតែពីខ្លួនឯង ទើបគ្មានភាពយល់់ចិត្ត សល់ឱ្យអ្នកដទៃឡើយ។
តើមិត្តអ្នកអានធ្លាប់ទេ នៅពេលដែលយើងសម្តែងកាយវិការអ្វីមួយបែបតក់ក្រហល់ចេញទៅ ដោយអារម្មណ៍ឆាបឈួល ក្រោធខឹងមួយវឹបនោះ? ពេលនោះយើងអាចនឹងសប្បាយចិត្ត ដែលបានទម្លាយវាចេញមក តែនៅពេលដែលព្យុះអារម្មណ៍ទាំងនោះស្ងប់ទៅវិញហើយ យើងសាកល្បងបែរទៅពិនិត្យមើលពីភាពខូចខាតដែលបានកើតឡើងវិញ យើងអាចនឹងនឹកសោកស្តាយចំពោះអ្វីដែលយើងបានធ្វើទៅហើយនោះក៏អាចថាបានដែរ។ ដូច្នេះបើសិនជានៅកើតមានអារម្មណ៍សោកស្តាយ យ៉ាងហោចណាស់ក៏វាមានន័យថា នៅមិនទាន់ហួសពេលដែរ ព្រោះយើងនៅមានអារម្មណ៍ដឹងខ្លួននៅឡើយ តែបើនៅតែឆ្ងាញ់ដៃនឹងភាពខូចខាតដែលខ្លួនឯងបានធ្វើនេះវិញនោះ វាប្រហែលជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់…។
អារម្មណ៍ មិនមែនជាមធ្យោបាយក្នុងការកែបញ្ហាដែលត្រឹមត្រូវនោះទេ សតិស្មារតីទៅវិញទេ ដែលគួរតែដឹកនាំអារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ រឿងតមកទៀតគឺ ការយល់ពីបញ្ហា ដែលត្រូវតែកើតចេញពីការយល់ និងស្គាល់ពីអ្នកដទៃឱ្យបានច្រើន និងកាន់ជើងខ្លួនឯងឱ្យតិចបំផុត។
ជួនកាលបើសិនជាយើងតាំងសតិបានតែមួយភ្លែត វាអាចនឹងធ្វើឱ្យអ្វីៗប្រែប្រួលទៅបែបផ្សេងមួយទៀតក៏អាចថាបានដែរ សាកល្បងសម្លឹងមើលឱ្យធំទូលាយ កុំសម្លឹងតែពីខ្លួនឯងពេក…៕