ប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Xiaopeng Motors បានឆ្លើយតបទៅនឹងសាររបស់ប្រធានក្រុមហ៊ុនផលិតរថយន្ត Toyota ថា ការដែល ក្រុមហ៊ុនផលិតរថយន្តធម្មតា មើលស្រាលរថយន្តអគ្គិសនី ឬមិនមើលឃើញអំពីការនិយមថ្មី នឹងធ្វើឱ្យពួកគេជាន់ដានក្រុមហ៊ុនផលិតទូរស័ព្ទ Nokia។
លោក Akio Toyoda ដែលជាមេដឹករបស់ក្រុមហ៊ុន Toyota Motor បានឱ្យដឹងនៅក្នុងសន្និបាទចុងឆ្នាំរបស់សមាគមអ្នកផលិតរថយន្តជប៉ុន កាលពីថ្ងៃទី 17 ខែធ្នូថា៖ «យើងផលិតរថយន្តអគ្គិសនីកាន់តែច្រើន បរិមាណនៃឧស្ម័ន carbon dioxide នឹងកាន់តែអាក្រក់ជាងមុន»។
តាមការយល់ឃើញរបស់ Akio Toyoda រថយន្តអគ្គិសនីត្រូវបានគេលើកតម្កើង និងបំប៉ោងហួសហេតុ ហើយអ្នកគាំទ្ររថយន្តអគ្គិសនីមិនបានពិចារណាទៅលើបរិមាណឧស្ម័ន carbon dioxide និងថ្លៃប្ដូរផ្លាស់ដែលរថយន្តអគ្គិសនីបង្កើតឡើង។
សារព័ត៌មាន WSJ ដកស្រង់សម្ដីរបស់លោក Toyoda ឱ្យដឹងថា៖ «បើសិនជាអ្នកនយោបាយនិយាយថា «ចូរយើងទាំងអស់គ្នាឈប់ប្រើរថយន្តប្រើសាំង» តើពួកគេអាចយល់បានថា វាជាអ្វីដែរឬទេ?»។ លោកបន្តថា៖ «នៅពេលរថយន្តទាំងអស់សុទ្ធតែប្រើអគ្គិសនី នោះប្រទេសជប៉ុននឹងមិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរដូវក្ដៅ។ នៅក្នុងប្រទេសមួយដូចជាជប៉ុន អគ្គិសនីស្ទើរតែទាំងអស់គឺសុទ្ធតែបានមកពីការដុតធ្យូង និងឧស្ម័នធម្មជាតិ ហើយរថយន្តអគ្គិសនីមិនមានប្រយោជន៍សម្រាប់បរិស្ថាន»។
លោក Akio Toyoda ក៏បានសង្កាត់ធ្ងន់ថា បើសិនជប៉ុនប្រញាប់ប្រញាល់ក្នុងការហាមមិនឱ្យមានរថយន្តប្រើសាំង នោះ «ជំនួញបច្ចុប្បន្ននៃវិស័យឧស្សាហកម្មរថយន្តនឹងត្រូវដួលរលំ» បណ្ដាលឱ្យមនុស្សរាប់លាននាក់ត្រូវបាត់បង់ការងារ។ លោកមានការព្រួយបារម្ភថា ការហាមឃាត់រថយន្តប្រើសាំងក៏នឹងធ្វើឱ្យរថយន្តក្លាយជា «ផ្កានៅលើកំពូលភ្នំ» ជារបស់ដែលមនុស្សធម្មតាមិនអាចចាប់យកបាន។
យោបល់របស់ប្រធានក្រុមហ៊ុន Toyota ទំនងជាជាប់ទាក់ទងនឹងគោលនយោបាយថ្មីរបស់រដ្ឋាភិបាលជប៉ុន។ កាលពីដើមខែធ្នូ សារព័ត៌មានជប៉ុនបានចេញផ្សាយថា រាជរដ្ឋាភិបាលប្រទេសនេះ ជិតចេញបទបញ្ជាហាមលក់រថយន្តថ្មីដែលដើរដោយម៉ាស៊ីនចំហេះក្នុង ចាប់ពីឆ្នាំ 2035 ប៉ុន្តែ រថយន្តប្រភេទ hybrid នៅតែបន្តលក់បាន។
ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយការបញ្ចេញយោបល់របស់លោក Akio Toyoda ពោលគឺនៅថ្ងៃទី 21 ខែធ្នូ ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនី Xiaopeng Motor គឺលោក He Xiaopeng បានបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់ចិន នូវរូបភាពដែលថតពីអត្ថបទសារព័ត៌មានដែលនិយាយអំពីប្រសាសន៍របស់លោក Akio Toyoda អមជាមួយនឹងរឿងរ៉ាវមួយយ៉ាងជូរចត់ និងគួរឱ្យពិចារណា ទាក់ទងនឹងការទិញក្រុមហ៊ុន Nokia ពីសំណាក់ Microsoft កាលពីឆ្នាំ 2014។
ភ្លាមៗនោះ ក្រុមអ្នកលេងបណ្ដាញសង្គមនៃប្រទេសចិន ក៏យល់ថា រឿងរ៉ាវដែលលោក He Xiaopeng បានបង្ហោះ គឺបានប្រដូចបណ្ដាក្រុមហ៊ុនរថយន្តអគ្គិសនីទៅនឹងក្រុមហ៊ុន Microsoft និងប្រដូចបណ្ដាក្រុមហ៊ុនរថយន្តប្រើសាំងដែលមើលស្រាលក្រុមហ៊ុនរថយន្តអគ្គិសនី ឬមិនផ្ដោតសំខាន់ទៅលើនិន្នាការរីកចម្រើននៃអគ្គិសនី ដូចទៅនឹងក្រុមហ៊ុន Nokia។
គិតមកដល់បច្ចុប្បន្ន ប្រទេស និងតំបន់ចំនួន 22 ក្នុងពិភពលោក បានប្រកាសអំពីកាលបរិច្ឆេទសម្រាប់ការចេញបទបញ្ជាហាមរថយន្តដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ក្នុងនោះ អឺរ៉ុបមាន 13 ប្រទេស ដែលក្នុងចំណោមនេះ ប្រទេសហូឡង់ ន័វ៉ែស និងអាល្លឺម៉ង់ បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ 2016។ រាប់ចាប់ពីដើមឆ្នាំ 2020 នេះ អង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានយកតម្រាប់តាមប្រទេសទាំងនោះផងដែរ៕
ប្រភព៖ iFeng