សមាគមយានយន្តអគ្គិសនីប្រចាំប្រទេសថៃ គ្រោងនឹងដំណើរការប្រព័ន្ធបង់ប្រាក់ Smart-card រាល់ពេលប្រតិបត្តិការសាកភ្លើងរថយន្ត នៅតាមស្ថានីយនីមួយៗទូទាំងទីក្រុងបាងកក នៅដើមឆ្នាំ2021 ខាងមុខនេះ។ សមាគមដដែលខាងលើ ក៏កំពុងពិចារណាជ្រើសយកប្រព័ន្ធបង់ប្រាក់ទំនើប 1ទៀត គឺតាមរយៈ Radio Frequency Identification ឬ RFID credit cards ឬបង្កើតកម្មវិធីទូរស័ព្ទដៃថ្មីមួយ។ ប្រសិនបើប្រព័ន្ធដំណើរការនេះ បានជោគជ័យ នោះសមាគម នឹងបន្ថែមចំនួនស្ថានីយសាកភ្លើងឱ្យកាន់តែច្រើនទីតាំងទៀត នោទូទាំងប្រទេស។
បច្ចុប្បន្នប្រទេសថៃ កំពុងដំណើរការស្ថានីយសាកភ្លើង ដែលប្រើប្រាស់វិធីសាស្ត្របង់ប្រាក់ផ្សេងៗពីគ្នា (អាស្រ័យលើក្រុមហ៊ុននីមួយ័) មិនទាន់រកវិធីបង់ប្រាក់រួមគ្នាមួយបាននៅឡើយ។ ស្ថានីយសាកភ្លើងរបស់ ថៃ បច្ចុប្បន្នមាន 570ទីតាំងធំៗទូទាំងប្រទេស និងមានទីតាំងតូចៗ សរុប 1,800កន្លែង។
កាលពីឆ្នាំ2019 កន្លងទៅ មានអ្នកចុះឈ្មោះប្រើប្រាស់រថយន្តអគ្គិសនីតែ 1,572នាក់ប៉ុណ្ណោះ ប៉ុន្តែតួលេខនេះ បានកើនឡើងដល់ 3,076 នៅឆមាស2 ឆ្នាំ2020 និងគេរំពឹងថា នឹងកើនឡើងដល់ 5,000នាក់នៅដំណាច់ឆ្នាំ៕