CEO របស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានឱ្យដឹងថា លោកចង់លក់ក្រុមហ៊ុននេះទៅឱ្យ Apple «នៅក្នុងកាលៈទេសៈដ៏ខ្មៅងងឹតបំផុតរបស់កម្មវិធី Medel 3» ប៉ុន្តែមិនបានសម្រេច។
«ខ្ញុំបានទាក់ទងទៅកាន់លោក Tim Cook ដើម្បីសុំពិភាក្សាគ្នាអំពីលទ្ធភាពនៃការលក់ Tesla ឱ្យ Apple ជាមួយនឹងតម្លៃស្មើនឹង 1/10 នៃតម្លៃបច្ចុប្បន្នរបស់យើង» លោក Musk សរសេរនៅលើ Twitter កាលពីថ្ងៃទី 22 ធ្នូ ដូច្នេះ។ លោកបន្តថា៖ «ប៉ុន្តែ គាត់បានបដិសេធអំពីកិច្ចពិភាក្សានេះ»។
ការបង្ហើបខាងលើរបស់លោក Musk ត្រូវបានធ្វើឡើងបន្ទាប់ពី Reuters បានចុះផ្សាយកាលពីមុននោះមួយថ្ងៃថា Apple កំពុងមានគម្រោងផលិតរថយន្តអគ្គិសនី បើកបរដោយស្វ័យប្រវត្ត ដែលប្រើប្រាស់អាគុយបច្ចេកវិទ្យាថ្មី។ លោក Musk និយាយថា ព័ត៌មានរបស់ Reuters ជា «រឿងចម្លែក បើសិនវាជាការពិត»។ ប៉ុន្តែ ព័ត៌មានដែលបានចុះផ្សាយដោយ Reuters ក៏បានធ្វើឱ្យមូលបត្រ Tesla ត្រូវធ្លាក់ថ្លៃជាង 6% នៅក្នុងថ្ងៃដំបូងដែលក្រុមហ៊ុននេះបានចូលរួមក្នុងសន្ទស្សន៍ S&P 500។
Tesla Model 3 បានបង្ហាញខ្លួនក្នុងទីផ្សារកាលពីឆ្នាំ 2007។ មុននោះ រថយន្តម៉ូដែលនេះធ្លាប់ជួបប្រទះបញ្ហាជាច្រើនទាក់ទងនឹងការផលិត និងបញ្ហាផ្សេងមួយចំនួនទៀត។ ប៉ុន្តែ បច្ចុប្បន្ន ម៉ូដែលរថយន្តនេះបានក្លាយជារថយន្តទំនើបដែលបានលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ជួយឱ្យ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃទុនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
សំណេររបស់លោក Musk ខាងលើ មកដល់ពេលនេះ មិនត្រូវបានបញ្ជាក់ជាផ្លូវការណាមួយនៅឡើយ។ ក៏ប៉ុន្តែ ការលោតឆ្លងវិស័យចូលទៅក្នុងទីផ្សារផលិតរថយន្ត តែងតែជួបការលំបាកខ្លាំង។ លោក Musk ធ្លាប់បានឱ្យដឹងថា នៅក្នុងអំឡុង 17 ឆ្នាំមកនេះ Tesla វិះនឹងត្រូវក្ស័យធនជាច្រើនដងមកហើយ។ ក្រុមហ៊ុននេះ ក៏ទើបតែមានប្រាក់ចំណេញប្រចាំឆ្នាំចាប់ពីឆ្នាំ 2019 តែប៉ុណ្ណោះ៕
ប្រភព៖ CNN