លោក Lee Kun-hee ប្រធានក្រុមហ៊ុន Samsung ដែលបានទទួលមរណភាព កាលពីថ្ងៃទី25 ខែតុលា ក្នុងវ័យ 78ឆ្នាំ បានបន្សល់ទុកនូវភាគហ៊ុន និងទ្រព្យសម្បត្តិដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ។ នៅថ្ងៃទី22 ខែធ្នូ តម្លៃហ៊ុនជាក់ស្ដែង ដែលលោក Lee បានបន្សល់ទុក ត្រូវបានគេគិតគូររួចហើយ ឃើញថា មានតម្លៃ 19.9ពាន់លានដុល្លារ។
គិតចាប់ពីថ្ងៃទី24 ខែសីហា ដល់ខែធ្នូ តម្លៃហ៊ុននោះ ត្រូវបានគិតគូរ ផ្អែកលើតម្លៃជាមធ្យម នៃភាគហ៊ុនក្នុងរយៈពេល 4ខែចុងក្រោយ។ សារព័ត៌មានក្នុងស្រុកកូរ៉េ The Korea Herald បានចុះផ្សាយឱ្យដឹងថា អ្នកស្នងមរតកលោក Lee នឹងទទួលបានមរតកភាគហ៊ុនដែលមានតម្លៃសរុប ១៧ពាន់លានដុល្លារ។ បើតាមច្បាប់ពន្ធកូរ៉េខាងត្បូង បានកំណត់ពន្ធខ្ពស់បំផុតដល់ 50% លើមរតកភាគហ៊ុនដែលមានតម្លៃលើសពី 2.7លានដុល្លារ។ បន្ថែមពីនេះអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងគេ ក៏ត្រូវបង់ពន្ធមរតក 20% ផងដែរ។
សរុបជារួមទៅ ពន្ធមរតកចំពោះភាគហ៊ុនទាំងអស់ដែលលោក Lee បានបន្សល់ទុក គឺមានរហូតដល់ 9ពាន់លានដុល្លារឯណោះ ដែលនេះ គឺជាការយកពន្ធឯកត្តជនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង។
អ្នកស្នងមរតករបស់លោក Lee អាចមានសិទ្ធិជ្រើសរើសបង់ពន្ធមរតក ក្នុងអំឡុងពេល 5ឆ្នាំបន្ទាប់ ដោយមិនចាំបាច់បង់ម្ដងទាំងអស់នោះទេ៕