ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាការប្រឡងបាក់ឌុប ជាថ្ងៃប្រឡងយា់ងសំខាន់មួយដែលសិស្សជាច្រើនកំពុងយកចិត្តទុកដាក់ ហើយអាណាព្យាបាលក៏សុទ្ធតែចង់ដឹងផងដែរពីគន្លឹះសំខាន់ៗដើម្បីប្រឡងឱ្យបានជោគជ័យដើម្បីយកដំណឹងល្អនេះទៅប្រាប់កូនៗរបស់គាត់ដែលនឹងចូលប្រឡងវិញក្នុងពេលប៉ុន្មានម៉ោងទៀតនេះ។
ដើម្បីបង្ហាញពីគន្លឹះនៃការប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ និងបានពិន្ទុខ្ពស់ យុវជន លឹម រស្មី ដែលជាអតីតសិស្សប្រឡងជាប់និទ្ទេស A នៅឆ្នាំ 2015 ជាឆ្នាំទី2 នៃកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ បានចែករំលែកបទពិសោធរបស់ខ្លួនជាច្រើនដល់សិស្សដែលប្រឡងនៅថ្ងៃនេះ និងថ្ងៃស្អែក។
យុវជន លឹម រស្មី បានលើកឡើងថា អ្នកណាក៏ដូចជាអ្នកណាដែរ នៅពេលប្រឡងមកដល់ប្រាកដជាមានអារម្មណ៍ភ័យ ព្រោះអាចមកពីការគិតថាលំហាត់ដែលគ្រូដាក់មកនឹងមិនចេះ ឬព្រួយបារម្ភលើរឿងផ្សេងៗទៀត។ កត្តាទាំងអស់នេះ អាចធ្វើឱ្យពួកគេភ្លេចរូបមន្ត ឬមេរៀនដែលគេធ្លាប់ចេះ ដែលវាអាចជាគ្រោះថ្នាក់ធំមួយសម្រាប់ពេលប្រឡង។
ជាគន្លឹះមួយចំនួនដើម្បីដោះស្រាយបញ្ហាខាងលើ រស្មី បានផ្តល់ជាបទពិសោធថា នៅពេលចូលក្នុងថ្នាក់ប្រឡងគឺត្រូវដកដង្ហើមឱ្យវែងៗដើម្បីទប់លំនឹងអារម្មណ៍ខ្លួនឯងកុំឱ្យភ័យខ្លាំងពេក។ បន្ទាប់មក នៅពេលដែលវិញ្ញាសាមកដល់លើតុភ្លាម បេក្ខជនត្រូវមើលពីក្រោមដល់លើឱ្យអស់ ហើយមើលថាមានរ៉ូម៉ាំងប៉ុន្មាន ហើយចំណុចនៅរ៉ូម៉ាំងណាខ្លះចេះ និងចំណុចណាខ្លះមិនចេះ។ ក្រោយពេលដែលមើលដឹងហើយ យុវជនត្រូវចេះសន្សំពេលវេលាដោយចាប់ផ្តើមធ្វើលំហាត់ដែលចេះឱ្យអស់សិន មុននឹងឈានទៅដល់ចំណុចដែលមិនទាន់ចេះ។
សិស្សពូកែនិទ្ទេស A ខាងលើបានបង្ហាញផងដែរថា ទោះបីជាចំណុចណាមួយយើងចេះហើយក៏ដោយ តែយើងមិនអាចប្រហែសបានដែរ សូមធ្វើលំហាត់ទាំងអស់នោះមួយៗ កុំរំភើបខ្លាំងពេក ព្រោះវាអាចធ្វើឱ្យយើងសរសេរ ឬគិតខុស។ ចំពោះអក្សរ និងលេខវិញ គឺត្រូវសរសេរឱ្យបានច្បាស់ៗ ដកឃ្លាឱ្យបានល្មម ហើយបើមានរូបគឺត្រូវគូរឱ្យធំ កុំខ្លាចអស់ក្រដាស ព្រោះបើសន្លឹកកិច្ចការរបស់យើងស្អាត អ្នកកែគាត់អាចនឹងមានអារម្មណ៍ល្អ គាត់នឹងដាក់ពិន្ទុឱ្យល្អតាមនោះដែរ។
ចំណែកឯការសរសេរចម្លើយ គឺត្រូវសរសេរតាមដំណាក់កាលរបស់វាកុំកាត់ជាដាច់ខាត ទោះបីជាយើងចេះហើយក៏ដោយ ព្រោះការសរសេរកាន់តែច្រើន គឺកាន់តែល្អ។ ម្យ៉ាងវិញទៀត នៅពេលដែលអង្គុយប្រឡងកុំខ្វល់ពីបរិស្ថានជិតខាង ដូចជាអ្នកប្រឡងដូចគ្នា អនុរក្ស ឬអ្នកសង្កេតការណ៍ជាដើម ហើយអ្វីដែលយើងត្រូវផ្តោតនោះគឺ ត្រូវផ្ចង់អារម្មណ៍តែលើក្រដាសខ្លួនឯងបានហើយ។
យុវជនខាងលើបានបន្ថែមទៀតថា ចំពោះវិញ្ញាសាគណិតវិទ្យាវិញ សិស្សជាច្រើនបានត្អូញត្អែរលើអនុគមន៍គណិត។ តាមពិតទៅលំហាត់នេះពិបាកតែមួយចំណុច ឬពីរចំណុចតែប៉ុណ្ណោះ ក្រៅពីនេះគឺសុទ្ធតែធម្មតា ហេតុនេះក្រៅពីធ្វើអ្វីដែលចេះខាងលើហើយ យើងត្រូវបន្តធ្វើលំហាត់ផ្នែកស្រួលៗឱ្យអស់ ព្រោះថាបើយើងធ្វើអស់ចំណុចមិនសូវពិបាកហើយ ចំណុចពិបាកគឺអាចសល់តិចតួចប៉ុណ្ណោះ៕