កំពូលមហាសេដ្ឋីពិភពលោកចំនួន 3រូប គឺ លោក Jeff Bezos លោក Elon Musk និងលោក Bill Gates មិនត្រូវបង់ពន្ធលើប្រាក់ចំណូលបុគ្គល នោះទេ ដោយសារតែគោលនយោបាយរបស់រដ្ឋដែលពួកគេកំពុងរស់នៅ។
នៅក្នុងសន្និសីទមួយដែលត្រូវបានរៀបចំដោយ Wall Street Journal កាលពីថ្ងៃទី 15ធ្នូ ឆ្នាំ2020 មហាសេដ្ឋី Elon Musk ដែលជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផលិតយានអវកាស SpaceX បានទទួលស្គាល់អំពីព័ត៌មានដែលថា លោករើផ្ទះទៅនៅឯរដ្ឋ Texas។
ការរើពីរដ្ឋ California ទៅនៅក្នុងរដ្ឋ Texas នេះ ពិតជាមានភាពងាយស្រួលដល់លោក Musk ដោយសារតែពេលនេះ លោកបាននៅក្បែររោងចក្ររបស់ SpaceX និង Tesla។ ក៏ប៉ុន្តែ មូលហេតុពិសេសមួយផ្សេងទៀតដែលនាំឱ្យមហាសេដ្ឋីរូបនេះ រើទៅនៅក្នុងរដ្ឋ Texas នោះគឺ Texas គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន 9 នៅសហរដ្ឋអាមេរិក ដែលមិនយកពន្ធលើប្រាក់ចំណូលបុគ្គល (personal income tax)។ ដូច្នេះ លោក Musk នឹងកាត់បន្ថយចំណាយបានច្រើនទៅលើការបង់ពន្ធ នៅពេលបានចាកចេញពី California ជារដ្ឋដែលយកពន្ធលើប្រាក់ចំណូលខ្ពស់ជាងគេបំផុត បើធៀបនឹងបណ្ដារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក។
លោក Elon Musk បច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់ទីពីរក្នុងពិភពលោក ដោយមានទ្រព្យសរុបឡើងដល់ 152 ពាន់លានដុល្លារអាមេរិក។ ចំណែកលោក Jeff Bezos (មហាសេដ្ឋីលំដាប់ទីមួយ) និងលោក Bill Gates (មហាសេដ្ឋីលំដាប់ទីបី) សុទ្ធតែជាអ្នករស់នៅឯ Washington ជារដ្ឋដែលមិនយកពន្ធលើប្រាក់ចំណូលបុគ្គល។ ប្រការនេះមានន័យថា កំពូលអ្នកមានជាងគេទាំង 3 រូបនៅក្នុងលោក មិនត្រូវបង់ពន្ធលើប្រាក់ចំណូលបុគ្គលទៅឱ្យរដ្ឋដែលពួកគេកំពុងរស់នៅ។
ក៏ប៉ុន្តែ ដោយសារតែរដ្ឋមួយចំនួន យកពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋដោយយោងទៅតាមទីកន្លែងដែលពួកគេធ្វើការ ដែលហៅថា «ពន្ធលើប្រាក់ចំណូលសម្រាប់បុគ្គលក្រៅរដ្ឋ» ដូច្នេះ កំពូលអ្នកមានទាំង 3 រូបខាងលើ នៅតែត្រូវបង់ពន្ធចំពោះប្រាក់ចំណូលដែលបានពីការងាររបស់ពួកគេនៅឯរដ្ឋដទៃ។ តួយ៉ាង រដ្ឋ California នៅតែយកពន្ធពីលោក Elon Musk នៅក្នុងថ្ងៃដែលលោកធ្វើការនៅក្នុងរដ្ឋនេះ។
មួយវិញទៀត បណ្ដារដ្ឋដែលមិនយកពន្ធលើប្រាក់ចំណូលបុគ្គល តែបែរជាយកពន្ធក្នុងអត្រាខ្ពស់ទៅលើការលក់ដូរ ឬពន្ធលើអចលនទ្រព្យជាដើម ដើម្បី «ប៉ះប៉ូវ» សម្រាប់ពន្ធលើប្រាក់ចំណូលបុគ្គលទៅវិញ៕
ប្រភព៖ BI