អណ្ដើកដ៏ច្រើនសន្ធឹកនៅឯទន្លេនៃតំបន់អាមេរិកខាងត្បូង បានញាស់ដំណាលគ្នា ដើម្បីបង្កើនឱកាសរស់រានមានជីវិតនៅពេលវារទៅកាន់ទន្លេ និងចាប់ផ្ដើមជីវិតថ្មីរបស់ពួកវា។
អង្គការអភិរក្សសត្វព្រៃ (WCS) កាលពីថ្ងៃទី 14ធ្នូ បានចែករំលែកវីដេអូគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងអណ្ដើកយក្សនៅទន្លេនៃតំបន់អាមេរិកខាងត្បូង (Arrau turtle/South American river turtle) រាប់ម៉ឺនក្បាលដែលទើបតែបានញាស់ថ្មីៗ និងវារនៅលើវាលខ្សាច់ដែលស្ថិតក្នុងតំបន់អភិរក្សជម្រកជីវសាស្ត្រ Abufari នៃរដ្ឋ Amazonas ប្រទេស Brazil។
ក្រុមអ្នកអភិរក្សនៃអង្គការ WCS Brazil បានឱ្យដឹងថា ការញាស់នៃពងអណ្ដើក មានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ កូនអណ្ដើកប្រមាណ 71,000ក្បាលបានចាប់កំណើតក្នុងថ្ងៃជាមួយគ្នា ចំណែក 21,000ក្បាលទៀតបានញាស់នៅថ្ងៃបន្ទាប់។
WCS Brazil បានតាមដានអណ្ដើកមេ និងសម្បុករបស់ពួកវាយ៉ាងយកចិត្តទុកដាក់ នៅមុននិងក្រោយការញាស់។ ក្រុមអ្នកជំនាញនៅទីនេះបានសិក្សាស្រាវជ្រាវអំពីលក្ខណដែលពងអាចញាស់ជាហ្វូងដំណាលគ្នា ដើម្បីកែលម្អយន្តការនៃការគ្រប់គ្រង និងការពារពួកវាពីការជួញដូរ។ ពួកវាកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែត្រូវគេចាប់យកទៅលក់សម្រាប់ធ្វើជាអាហារ។
Camila Ferrara អ្នកជំនាញខាងសត្វអណ្ដើកនៅអង្គការ WCS Brazil បានឱ្យដឹងថា៖ «សម្រាប់អណ្ដើកយក្សនៅទន្លេអាមេរិកខាងត្បូង ការបន្តពូជគឺជាដំណាក់កាលលេចធ្លោបំផុត ប៉ុន្តែក៏ជាពេលដែលងាយរងគ្រោះបំផុតផងដែរ។ នៅតំបន់មួយចំនួន កូនអណ្ដើកតែងតែញាស់ស្រុះគ្នាដើម្បីបង្កើនឱកាសក្នុងការរស់រានមានជីវិត។ ប្រការនេះអនុញ្ញាតឱ្យពួកវាធ្វើដំណើរជាហ្វូងទៅកាន់ទន្លេ និងចាប់ផ្ដើមជីវិតថ្មី»។
អណ្ដើកយក្សនៅទន្លេអាមេរិកខាងត្បូងគឺជាប្រភេទអណ្ដើកទឹកសាបធំបំផុតនៅក្នុងតំបន់អាមេរិកខាងត្បូង ដោយអណ្ដើកពេញវ័យមួយក្បាលៗ មានប្រវែងដល់ទៅជាង 1ម៉ែត្រ និងទម្ងន់ 90គីឡូក្រាម។ ពួកវាមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ព្រោះថា ពួកវាជួយពង្រាយគ្រាប់ពូជនៃរុក្ខជាតិតូចធំ ដែលជួយដល់ការកែសម្រួលការបាត់បង់រុក្ខជាតិនៅជុំវិញទន្លេ៕
ប្រភព៖ Reuters