មនុស្សជាច្រើនបានក្លាយជា Teslanaires (សេដ្ឋី Tesla) ព្រោះតែការគាំទ្រលោក Elon Musk និងបានចូលរួមទិញមូលបត្ររបស់ក្រុមហ៊ុន Tesla តែងតែពីដំណាក់កាលដំបូង។
Brandon Smith ដែលឆ្នាំ 2020 នេះ មានអាយុ 32ឆ្នាំ ជាអ្នកផលិតវីដេអូ និងមិនមានរថយន្តអគ្គិសនី Tesla ទេ បើទោះលោកអ្នកគាំទ្រក្រុមហ៊ុននេះក៏ដោយ។ ជាងនេះ នៅក្នុងទីរួមស្រុកមួយក្នុងទីក្រុង Milwaukee នៃរដ្ឋ Wisconsin ដែលលោកកំពុងរស់នៅ ការដែលគេមើលឃើញរថយន្ត Tesla ក៏ជារឿងកម្រ។
ក៏ប៉ុន្តែ កាលពីចុងខែមិថុនា ឆ្នាំ 2017 លោក Smith បានសម្រេចចិត្តយកប្រាក់សន្សំរបស់ខ្លួនចំនួន 10,000 ដុល្លារអាមេរិក ទៅទិញមូលបត្រ Tesla។ Smith បានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលលោកបានវិនិយោគទៅក្នុងក្រុមហ៊ុនមួយ ហើយនេះគឺជាការចាប់ផ្ដើមដំបូងរបស់លោក។ រៀងរាល់លើកបន្ទាប់ពីបានបើកប្រាក់ខែ Smith ទូទាត់វិក្កយបត្រនានា និងនៅសល់ប៉ុន្មាន ក៏តែងតែយកទៅទិញមូលបត្រ Tesla។ ជាសរុប លោក Smith បានចំណាយប្រាក់ប្រហែល 90,000 ដុល្លារនៅក្នុងការទិញមូលបត្រក្រុមហ៊ុននេះ។
«ប្រាក់បៀវត្សរបស់ខ្ញុំមិនដល់6ខ្ទង់ទេ ហើយខ្ញុំក៏មិនយល់អ្វីអំពីកិច្ចព្រមព្រៀងលើសិទ្ធិជ្រើសរើសនោះដែរ។ ខ្ញុំគ្រាន់តែទិញ និងកាន់កាប់វា (មូលបត្រ) រហូតមកដល់បច្ចុប្បន្ន។ ខ្ញុំមិនធ្លាប់បានលក់មូលបត្រនេះមួយហ៊ុនណាឡើយ» លោក Smith បានប្រាប់ Bloomberg តាមទូរស័ព្ទបែបនេះ។
បច្ចុប្បន្ន លោក Smith បានក្លាយជាមនុស្សម្នាក់នៅក្នុងបញ្ជីឈ្មោះ «សេដ្ឋី Tesla» (Teslanaires) ជាឈ្មោះរបស់ក្រុមមនុស្សដែលបានក្លាយជាសេដ្ឋី ដោយសារការវិនិយោគទៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk។ មូលបត្រ Tesla សរុប ដែល Smith កំពុងកាន់កាប់បច្ចុប្បន្ន មានតម្លៃជាង 1 លានដុល្លារអាមេរិក បន្ទាប់ពីមូលបត្រនេះបានកើនឡើងជិត 731% នៅក្នុងឆ្នាំ 2020។
យោងតាម Bloomberg អ្នកវិនិយោគមិនចាំបាច់ធ្វើការនៅឯ Wall Street ដើម្បីស្វែងយល់លម្អិតអំពីសកម្មភាព និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla ឡើយ។ ប្រព័ន្ធចម្រុះដែលរួមមានដូចជា podcast ឬគណនី Youtube ជាច្រើនដែលពិពណ៌នាស្ទើរតែទាំងអស់នូវទិដ្ឋភាពទាំងមូលរបស់ Tesla អាចជួយឱ្យអ្នកស្វែងយល់អំពីក្រុមហ៊ុននេះដោយមិនចាំបាច់អានរបាយការណ៍វិភាគនានា មុនពេលសម្រេចចិត្តទិញមូលបត្រនេះ។
ក្រៅពី «ស្ថាប័ន» ខាងលើ ក៏នៅមានវេទិកា និងក្លឹបរបស់អ្នកមានរថយន្ត Tesla រាប់មិនអស់ផ្សេងទៀតដែលអាចពិភាក្សាគ្នាតាមរយៈកម្មវិធី Zoom ឬជួបគ្នាដើម្បីពិនិត្យមើលស្ថានីយបញ្ចូលអគ្គិសនី Supercharger ថ្មីបំផុតរបស់ Tesla ជាដើម។ Smith និយាយថា លោកចំណាយពេលចន្លោះពី 2-3 ម៉ោងក្នុងមួយថ្ងៃដើម្បីស្វែងយល់អំពី Tesla។ លោកក៏តែងតែចូលរួមក្នុងវេទិកាអនឡាញនានានៅម៉ោងហូបបាយថ្ងៃត្រង់។
មកដល់ពេលនេះ លោក Smith មិនទាន់មានគម្រោងលក់ ឬផ្អាកការវិនិយោគទៅលើមូលបត្រ Tesla នៅឡើយ បើទោះជាបានចាប់ផ្ដើមគិតអំពីការសាងសង់ផ្ទះ ឬទិញផ្ទះផ្ទាល់ខ្លួន។ បច្ចុប្បន្ន Smith និងបងប្រុសកំពុងរស់នៅក្នុងផ្ទះមួយខ្នងដែលជីតារបស់ពួកគេបានសង់ឡើងនៅក្នុងតំបន់ Cudahy នៃរដ្ឋ Wisconsin សហរដ្ឋអាមេរិក។ Smith នៅតែជឿជាក់លើអនាគតរបស់ Tesla ដោយគិតថា ក្រុមហ៊ុននេះនឹងបន្តរីកចម្រើនទៅមុខទៀត។
សូមបញ្ជាក់ថា ចំពោះអ្នកវិនិយោគលក្ខណបុគ្គលនៃក្រុមហ៊ុន Tesla មិនមែនមានតែ Smith ម្នាក់ដែលក្លាយជាសេដ្ឋី Tesla នោះទេ ពោលគឺនៅមានបុគ្គលជាច្រើនទៀតដែលមិនបានលើកយកមកនិយាយនៅក្នុងអត្ថបទនេះ៕
ប្រភព៖ Bloomberg