ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការទម្លាក់តម្លៃទិញស្រូវពីសំណាក់ឈ្មួញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចំណាយថវិកាប្រមាណជា30លានដុល្លារដើម្បីប្រមូលទិញស្រូវពីកសិករនៅក្នុងរដូវកាលប្រមូលផលដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងកាប្រមូលទិញស្រូវបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហារក្សាស្ថិរភាពថ្លៃស្រូវនេះ ក្រសួងនឹងបង្កើនការវិនិយោគដល់30លានដុល្លារលើមជ្ឈមណ្ឌលប្រមូលទិញស្រូវពីកសិករ និងបង្កើនឥណទាន 50លានដុល្លារសម្រាប់ប្រមូលទិញស្រូវក្នុងអត្រាការប្រាក់5%។ យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវនេះត្រូវបានសម្រេចដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែកឯល្បឿននៃការបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ2017 របស់ក្រសួងកសិកម្មឱ្យដឹងថាការងារប្រមូលផលស្រូវស្រាល នៅដើមរដូវរហូតមកទល់ខែកក្កដា ឆ្នាំ2017 នេះសម្រេចបានប្រមាណជា79,749ហិកតាលើផ្ទៃដីសរុបទូទាំងប្រទេសចំនួន583,486ហិកតាដោយទទួលបានបរិមាណផលសរុបចំនួន324,207តោន កើនលើសឆ្នាំមុនប្រមាណជា190,964តោន ដោយក្នុងនោះទិន្នផលគិតជាមធ្យមប្រមាណជា4.065តោនក្នុងមួយហិកតា។ ទិន្នផលនេះទទួលបានទាបជាងឆ្នាំមុនដោយកាលពីឆ្នាំ2016ទិន្នផលគិតជាមធ្យមទទួលបានប្រមាណជា 4.066 តោនក្នុងមួយហិកតា។
គួរបញ្ជាក់ថា គោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករដែលត្រូវបានដាក់ចេញនៅក្នុងឆ្នាំ2010កន្លងទៅបានកំណត់នូវគោលដៅសំខាន់ៗចំនួន3គឺ៖
1.បង្កើនផលិតផលស្រូវលើសពីសេចក្តីត្រូវការឱ្យដល់ 4 លានតោន។
2.ជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច1លានតោន។
3.ធ្វើឱ្យអង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ2015៕