ចាប់ពីពេលនេះ រហូតដល់ឆ្នាំ 2023 ការដែលពិភពលោកត្រូវការចាក់វ៉ាក់សាំង Covid-19 នឹងជួយឱ្យក្រុមហ៊ុនអភិវឌ្ឍឱសថ Pfizer និង Moderna រកចំណូលបានរាប់សិបពាន់លានដុល្លារអាមេរិក។
ការផ្ដល់ការអនុញ្ញាតទៅឱ្យវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer គឺជាជំហានដ៏សំខាន់ចំពោះវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងមនុស្សជាតិ។ ទន្ទឹមនឹង វាក៏នាំមកនូវប្រភពចំណូលដ៏ធំសម្រាប់ក្រុមហ៊ុនដែលបានអភិវឌ្ឍវ៉ាក់សាំងនេះផងដែរ។
ក្រុមអ្នកវិភាគប្រចាំ Wall Street បានស្រាវជ្រាវ និងរកឃើញថាថា ក្រុមហ៊ុន Pfizer និង Moderna នឹងរកបានប្រាក់ចំណូល 32 ពាន់លានដុល្លារពីការលក់វ៉ាក់សាំង Covid-19 នៅក្នុងឆ្នាំ 2021 ក្នុងនោះ ក្រុមហ៊ុន Pfizer អាចរកបាន 19 ពាន់លានដុល្លារអាមេរិក នេះបើតាមក្រុមហ៊ុនវិនិយោគផ្នែកធនាគារ Morgan Stanley។
ក្នុងឆ្នាំ 2020 នេះ ប្រាក់ចំណូលពីការលក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បានត្រឹមតែ 975 លានដុល្លារប៉ុណ្ណោះ។ ប្រាក់ចំណូលដែលបានរំពឹងទុករបស់ក្រុមហ៊ុននេះសម្រាប់ឆ្នាំ 2021 នឹងកើនលើសប្រាក់ចំណូលដែលបានមកពីផលិតផលដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ 2019 នោះគឺវ៉ាក់សាំងការពារជំងឺរលាកសួត ដែលរកបានចំណូល 5.8ពាន់លានដុល្លារ។
Morgan Stanley ក៏បានរំពឹងថា Pfizer នឹងរកបាន 9.3 ពាន់លានដុល្លារបន្ថែមទៀតពីវ៉ាក់សាំង Covid-19 ចាប់ពីឆ្នាំ 2022 ដល់ឆ្នាំ 2023 ក្នុងគ្រាដែលពិភពលោកកំពុងបន្តចាក់វ៉ាក់សាំង។ ក្រុមហ៊ុន Pfizer នឹងចែករំលែកប្រាក់ចំណូលជាមួយនឹង BioNTech ដែលជាក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ សហការជាមួយ Pfizer ក្នុងការអភិវឌ្ឍវ៉ាក់សាំង Covid-19។ វ៉ាក់សាំងរបស់ Pfizer-BioNTech ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី 12ធ្នូ ឆ្នាំ2020។
ការរកឃើញវិធីថ្មីក្នុងការអភិវឌ្ឍវ៉ាក់សាំង មិនបានធ្វើឱ្យតម្លៃមូលបត្ររបស់ Pfizer កើនឡើងខ្ពស់ខ្លាំងនោះទេ ព្រោះថា អ្នកផលិតឱសថនេះគឺជាក្រុមហ៊ុនធំស្រាប់ហើយ។ មូលបត្ររបស់ Pfizer កើន 12% ក្នុងឆ្នាំនេះ។ ប៉ុន្តែ មូលបត្ររបស់ក្រុមហ៊ុន BioNTech នៅក្នុងផ្សារហ៊ុនអាមេរិក បានកើនឡើងជិត 300% នាំឱ្យទុនរបស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ កើនដល់ជិត 30ពាន់លានដុល្លារអាមេរិក។
ចំណែក Moderna វិញ វ៉ាក់សាំង Covid-19 ក៏បានជួយឱ្យមូលបត្ររបស់ក្រុមហ៊ុននេះ កើនឡើងដល់ជិត 700% ក្នុងឆ្នាំ 2020 ធ្វើឱ្យទុនរបស់ Moderna មានតម្លៃឡើងដល់ 62ពាន់លានដុល្លារ។ ក្រុមហ៊ុន Morgan Stanley ឱ្យដឹងថា តាមការស្រាវជ្រាវ ទុនប្រមាណជាពាក់កណ្ដាលរបស់ Moderna គឺផ្សារភ្ជាប់ជាមួយនឹងវ៉ាក់សាំង។
ចំណែកក្រុមហ៊ុនវិនិយោគផ្នែកធនាគារ Goldman Sachs វិញ ឱ្យដឹងថា ក្រុមហ៊ុន Moderna អាចរកបាន 13.3ពាន់លានដុល្លារពីវ៉ាក់សាំង Covid-19 នៅក្នុងឆ្នាំ 2021។ Morgan Stanley អះអាងថា តម្លៃមូលបត្រ Moderna កើនឡើងយ៉ាងលឿនបែបនេះបង្ហាញថា ក្រុមអ្នកវិនិយោគរំពឹងថា ក្រុមហ៊ុននេះអាចរកបានចាប់ពី 10 ទៅ 15ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 នៅក្នុងឆ្នាំ 2021 និង 2022 រួមនឹងប្រាក់ចំណូលរាប់ពាន់លានដុល្លារផ្សេងទៀតដែលនឹងត្រូវបានជំរុញបន្ថែម។ មុននេះ ក្នុងឆ្នាំ 2019 ក្រុមហ៊ុន Moderna រកបានប្រាក់ចំណូលត្រឹមតែ 60លានដុល្លារប៉ុណ្ណោះ៕
ប្រភព៖ CNN