ជាដំណឹងមួយដ៏គួរឱ្យរំភើប សម្រាប់បងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាដែលចាប់ពីពេលនេះតទៅរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសឱ្យដឹងថា នឹងមិនយកថ្លៃលើសេវារថយន្តក្រុងគ្រប់ខ្សែទាំងអស់ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី20 ខែសីហា ឆ្នាំ2017 តទៅ។
សេចក្ដីជូនដំណឹងនេះបានប្រកាសឱ្យដឹងថា កម្មករ-កម្មការិនីទាំងអស់អាចជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយឥតគិតថ្លៃរយៈពេល2 ឆ្នាំ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះរហូតដល់ថ្ងៃទី20 ខែសីហា ឆ្នាំ2019។
សេចក្ដីជូនដំណឹងនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចេញនូវអនុសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន4,270 នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រកាលពីព្រឹកថ្ងៃទី20 ខែសីហា ឆ្នាំ2017 ម្សិលមិញនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងបន្ថែមទៀតលើគណនី Facebook ផ្លូវការទៀតថា នេះជាកាដូថ្មីមួយបន្ថែមទៀតពីសម្តេចតេជោ បន្ទាប់ពីការគិតគូរពីអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ កម្មការិនីរួមមានការដំឡើងប្រាក់ខែអប្បបរមាជារៀងរាល់ឆ្នាំ ការបញ្ចុះតម្លៃទឹកភ្លើង និងតបណ្តាញដល់ផ្ទះជួល/បន្ទប់ជួល។ល។ ទន្ទឹមនឹងនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក៏បានកែសម្រួល និងបន្ថែមខ្សែរត់ ដើម្បីផ្តល់សេវាកាន់តែច្រើនគោលដៅជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ៕