ក្រុម Chelsea ដែលជាម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League បានទទួលនូវការជឿជាក់ដែលពួកគេត្រូវការជាចាំបាច់កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី2គ្រាប់ពីសំណាក់ខ្សែការពារ Marcos Alonso បានជួយឲ្យក្រុមតោខៀវមួយនេះ កត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុន Tottenham Hotspur ក្នុងការប្រកួតជាលើកទី50របស់លោក Antonio Conte ក្នុងនាមជាគ្រូបង្វឹក។
ខ្សែការពារអន្តរជាតិអេស្ប៉ាញវ័យ26ឆ្នាំរូបនេះបានរកគ្រាប់បាល់ឈ្នះខណៈដែលនៅសល់រយៈពេលតិចជាង3នាទីនៅពេលក្រុម Chelsea បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្រោយពីពួកគេត្រូវបានតាមស្មើវិញ នៅពេលដែលខ្សែប្រយុទ្ធបម្រុង Michy Batshuayi បានតែតបាល់ចូលក្នុងទីរបស់ខ្លួនឯងនៅរយៈពេល8នាទីចុងក្រោយ។ លោក Conte បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «នេះគឺជាការឆ្លើយតបដ៏ល្អឥតខ្ចោះរបស់ក្រុមម្ចាស់ជើងឯក។ ប៉ុន្តែ ទោះបីជាយ៉ាងណា យើងត្រូវតែបន្តធ្វើការងារជានិច្ច»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ48ឆ្នាំរូបនេះដែលមានបញ្ហាដោយសារតែជម្លោះជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Diego Costa នោះ បាននិយាយថា រូបលោកមិនអាចស្នើសុំការខិតខំប្រឹងប្រែងឲ្យខ្លាំងជាងនេះពីសំណាក់កីឡាករឡើយ។ លទ្ធផលនេះមានន័យថា ក្រុម Chelsea បានបំពេញនូវការស្តារមុខមាត់មួយ ក្រោយពីចាញ់ក្រុម Burnley ក្នុងលទ្ធផល 3-2 លើទឹកដីខ្លួនឯង កាលពីថ្ងៃប្រកួតបើកឆាក។
ក្នុងការប្រកួតនាថ្ងៃដដែលនេះផងដែរ Huddersfield ដែលជាក្រុមចំណូលថ្មីទី3នោះបានកត់ត្រាជ័យជម្នះជាលើកទី2ពីការប្រកួតបើកឆាកទាំង2លើករបស់ខ្លួន ក្រោយពីបានផ្តួលក្រុម Newcastle 1-០ ខណៈដែលកីឡាករ Aaron Mooy គឺជាអ្នករកបានគ្រាប់បាល់តែមួយគ្រាប់នោះ៕
ប្រភពពី៖ Sport24