ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចត្លុងក៏ដោយ សូមកុំអាលបោះចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះនោះ សូមអានជាបន្ត…។
–សម្បកផ្លែក្រូចឆ្មារ
- យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
- ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើង។
- ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិឱ្យកាន់តែគួរទទួលទានឡើងទៀត។
–សម្បកផ្លែក្រូចពោធិ៍សាត់
- បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
- ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
- បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើង ឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
- ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
- យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។
–សម្បកផ្លែក្រូចត្លុង
- យកសម្បកក្រូចត្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម ដូចជាវែកឆា វែកបាយ ជាដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
- យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
- យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕