ក្រុមយុជនអាយុក្រោម22ឆ្នាំរបស់កម្ពុជា បានធ្លាក់ចេញត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី29 ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ក្រោយពីបានរងបរាជ័យជាលើកទី3ក្នុងការប្រកួត3លើកដំបូងក្នុងពូល B ពេលប្រកួតជាមួយនឹងជើងខ្លាំងថៃ។
ក្រុមកម្ពុជា U22 បានឈានទៅកាន់ការប្រកួតកាលពីថ្ងៃម្សិលមិញដោយត្រូវការឈ្នះជាដាច់ខាត ដើម្បីរក្សាក្តីសង្ឃឹមក្នុងការប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល 2-០ ពេលជួបក្រុមយុវជនហ្វីលីពីនកាលពីថ្ងៃបើកឆាក និងចាញ់ក្រុមជម្រើសជាតិវៀតណាម U22 ក្នុងលទ្ធផល 4-1 កាលពីថ្ងៃសុក្រ។ ទោះបីជាយ៉ាងណា កម្ពុជា U22 បានជួបការខកចិត្ត ខណៈដែលពួកគេបានរងបរាជ័យយ៉ាងដំណំក្នុងលទ្ធផល 3-០ ក្រោមស្នាដៃក្រុមជម្រើសជាតិថៃ បើទោះបីទាំងកម្ពុជា និងថៃបានរងពិន័យកាតក្រហមលើកីឡាករម្នាក់មួយដូចគ្នាក៏ដោយ។ ក្នុងពេលថៃកំពុងតែនាំមុខ 1-០ នៅជិតបញ្ចប់ការប្រកួតតង់ទី1 កំហឹងផ្សេងៗបានផ្ទុះឡើងក្រោយពីកីឡាករថៃ Chaiyawat Buran បានប្រព្រឹត្តកំហុសលើកីឡាករកម្ពុជា ហើយការចូលទៅធ្វើអន្តរាគមន៍ទាំងខឹងសម្បារបស់កីឡាករ សុខ សំណាង របស់ក្រុមកម្ពុជាបានធ្វើឲ្យរូបគេរងពិន័យកាតក្រហម បន្ទាប់ពីអាជ្ញាកណ្តាលបានពិន័យកាតក្រហមដូចគ្នានេះទៅលើ Chaiyawat ដែរ។
បើទោះបីលេងជាមួយនឹងសមាជិកតែ10នាក់ដូចគ្នាក្តី ក៏ក្រុមជម្រើសជាតិថៃបានរកគ្រាប់បាល់បញ្ចូលទី2គ្រាប់បន្ថែមទៀត ដើម្បីបំពេញថ្ងៃដ៏ខកចិត្តរបស់កម្ពុជាបានដែរ។ ប៉ុន្តែ ក្រុមជម្រើសជាតិថៃ U22 នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដោយមាន7ពិន្ទុ ខណៈដែលវៀតណាម និងឥណ្ឌូនេស៊ី កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ1 និងលេខ2 ដោយមាន9ពិន្ទុ និង7ពិន្ទុរៀងៗខ្លួន ស្របពេលដែលមានតែ2ក្រុមប៉ុណ្ណោះក្នុងពូល B នេះ ដែលមានសិទ្ធិឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបង្គ្រប់កិច្ចរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិទីម័រ និងឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ខណៈដែលថៃ នឹងត្រូវជួបក្រុមហ្វីលីពីន និងវៀតណាម នៅថ្ងៃប្រកួតចុងក្រោយក្នុងពូល៕