ព្រឹកថ្ងៃទី21 ខែសីហា ឆ្នាំ2017 នេះជាពេលបើកសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយក្នុងនោះយើងឃើញថា គ្រប់រាជធានី-ខេត្តបានរៀបចំគ្រប់សកម្មភាពដើម្បីសម្រួលឱ្យការប្រឡងដ៏សំខាន់នេះទទួលបានជោគជ័យ។
យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ដំណើរការនៅមណ្ឌលប្រឡងវិញ្ញាសាទី1 គឺប្រវត្តិសាស្ត្រ សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អទាំងក្នុង និងក្រៅមណ្ឌល តែនៅខេត្តមួយចំនួនកំពុងមានឧបសគ្គដោយសារតែមានភ្លៀងធ្លាក់។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើរការប្រឡងអាចធ្វើទៅបានទាន់ពេលវេលាកំណត់។
សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃនេះ គឺមានការបើកវិញ្ញាសាសម្រាប់ដំណើរការប្រឡង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈអភិបាលរាជធានី-ខេត្ត គណៈមេប្រយោគទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអគារ អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធនានា រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា ការប្រឡងបាក់ឌុបនៅឆ្នាំ 2017 នេះមានមណ្ឌលប្រឡង 179មណ្ឌល ស្មើនឹង 4,093បន្ទប់ នៅទូទាំងប្រទេស បេក្ខជនចូលរួមប្រឡងមានចំនួន101,410នាក់ ក្នុងនោះមានសិស្សស្រីចំនួន 50,049នាក់៕