តើអ្នកមានធ្លាប់ស្រឡាញ់មនុស្សម្នាក់រហូតដល់គិតថា បើមិនបានរស់នៅជាមួយគេ ជីវិតអ្នកប្រហែលជាឈឺចាប់រហូតមិនអាចអធិប្បាយបានដែរឬទេ? បើសិនជាដូច្នោះមែន តើអ្នកគិតថា តើខ្លួនឯងអាចបង្ខំចិត្តដើម្បីលែងដៃពីគេទៅបានទេ ទោះជាវាឈឺចាប់ប៉ុនណាក៏ដោយនោះ?។ ពេលខ្លះ ការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់ ក៏វាប្រសើរជាងការចាប់ឱបគេទុកដែរ។ ត្រឹមត្រូវ! យើងដឹងថា វាហាក់ដូចជាលំបាកស្មុគស្មាញ និងនិយាយ ងាយជាងធ្វើ តែយ៉ាងណាក៏ដោយ ការបែកចេញពីគ្នា គឺជាជម្រើសដែលល្អបំផុតសម្រាប់អ្នកទាំងគូ ហើយលទ្ធផលក៏ពិតជាសមនឹងតម្លៃដែរ។ អូខេ! បើអ្នកត្រៀមខ្លួនរួចរាល់ហើយ នេះជាគន្លឹះងាយៗដើម្បីឱ្យអ្នកអាចលែងដៃគេទៅបានយ៉ាងលឿនបំផុត ទោះជាវាធ្វើឱ្យបេះដូងអ្នកស្ទើរតែរលាយក៏ដោយ…។
-យល់ពីហេតុផលថា ហេតុអីបានការបែកចេញពីគ្នាជាជម្រើសដែលល្អបំផុត?
សម្ព័ន្ធភាព មិនមែនជាការតស៊ូដើម្បីមនុស្សដែលអ្នកស្រឡាញ់នោះទេ។ ពេលខ្លះវាអាចសមនឹងតម្លៃបំផុត នៅពេលដែលអ្នកឈប់តស៊ូ និងសុខចិត្តលែងដៃឱ្យគេទៅ តែបើសាកល្បងពិចារណាមើលឱ្យល្អទៅ អ្នកនឹងដឹងថា ការលះបង់ដើម្បីសាងសម្ព័ន្ធភាពបន្ត អាចមិនទទួលបានផលដូចប្រាថ្នាក៏អាចថាបានដែរ ហើយការបែកចេញពីគ្នា គឺជាជម្រើសតែមួយគត់ដែលនៅសល់(ហើយអាចនឹងល្អបំផុតទៀតផង)។
-ទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងមកដល់ផ្លូវទ័លហើយ
ខ្លាំងជាងរលាយបេះដូងទៅទៀត នៅពេលបានឃើញសម្ព័ន្ធភាពស្នេហ៍របស់ខ្លួនឯងបាក់រលំនៅចំពោះមុខ ទាំងដែលអ្នកខំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីថែរក្សាវាឱ្យបាន តែដូចដែលបានប្រាប់ហើយថា ទោះជាវានឹងល្អប៉ុនណា ក៏គ្មានអ្វីគង់វង្សស្ថិតស្ថេរដែរ អ្នកអាចធ្វើបានត្រឹមតែទទួលស្គាល់ការពិតប៉ុណ្ណោះ។ យើងដឹងថា វាឈឺចាប់ តែរឹតតែអ្នកទទួលស្គាល់វាបានកាន់តែលឿនប៉ុនណា អ្នករឹតតែលែងដៃគេ ហើយដឹកនាំជីវិតខ្លួនឯងទៅមុខទៀតបានលឿនប៉ុននោះដែរ។
-អភ័យទោសឱ្យ
យើងមិនបាននិយាយពីការអភ័យទោសឱ្យគេទេ តែអ្នកត្រូវចេះអភ័យទោសឱ្យខ្លួនឯងផង ដែលចាប់ទាញគេឱ្យនៅបានយូរដល់ថ្នាក់ហ្នឹង។ ចូរអត់ទោសឱ្យខ្លួនឯងដែលមិនហ៊ានសម្រេចចិត្ត ព្រោះថាអ្នកស្រឡាញ់គេខ្លាំងពេក និងព្រោះតែអ្នកអាត្មានិយមដែលមិនព្រមលែងដៃពីគេ។ តែទីបំផុតទៅ ការលែងដៃឱ្យគេទៅ វាងាយជាងឆ្ងាយណាស់។
-ស្វែងរកពេលវេលាឱ្យខ្លួនឯង
ការសេពគប់គ្នា ជួនកាលក៏មានន័យថា ការប្រើពេលវេលាភាគច្រើននៅជាមួយមនុស្សដែលអ្នកស្រឡាញ់។ វាមិនខុសប្រក្រតីទេ តែអ្នកក៏គួរតែរកពេលវេលាមើលថែទាំខ្លួនឯងខ្លះផង។ អ្វីដែលសំខាន់ នៅពេលអ្នកប្រើពេលវេលានៅជាមួយខ្លួនឯងជាប្រចាំនោះ រាងកាយ និងផ្លូវចិត្តរបស់អ្នកក៏នឹងមានអារម្មណ៍ថា ស្រស់ស្រាយ និងក្លៀវក្លាស្វាហាប់បានដែរ ហើយការមើលឃើញពីគុណតម្លៃរបស់ខ្លួនឯងនឹងកើនច្រើនឡើង និងធ្វើឱ្យអាការខកស្នេហ៍បានធូរស្រាលបើមិនយូរក៏ឆាប់ដែរ។
-ទុកចន្លោះទំនេរ ឬផ្អាកការមានស្នេហាជាថ្មី
កុំអាលប្រញាប់ស្ទុះហក់ត្រឡប់ទៅរកស្នេហាថ្មី និងគិតថា អ្នកអាចរកមនុស្សដែលល្អជាងអ្នកចាស់បានឱ្យសោះ។ សូមប្រាប់ទៅចុះថា មិនបានការទេ ហើយឱកាសដែលអ្នកអាចនឹងឈឺចាប់ខ្លាំងជាងមុនក៏មានខ្ពស់ដែរ។ ដូច្នេះ អ្នកគួរទុកចន្លោះទំនេរពីមនុស្សដែលត្រូវការខ្លាំងជាងសេចក្ដីស្នេហាដ៏បរិសុទ្ធអំពីអ្នក។ ព្យាយាមប្រើជីវិតនៅលីវសិន និងចូររៀនយល់ដឹងពីអ្វីផ្សេងៗ រហូតទាល់តែអ្នកត្រៀមរួចស្រេចជាមួយសេចក្ដីស្នេហាជាថ្មីម្តងទៀត។
-ការលែងដៃឱ្យគេទៅ អាចឈឺចាប់ តែក៏ដើម្បីអ្វីដែលល្អបំផុតដែរ
ការលែងដៃឱ្យគេទៅ អាចធ្វើឱ្យពិភពរបស់អ្នកបាក់ដួលរលំនៅពេលដំបូងៗ តែបើវាចាំបាច់សម្រាប់អ្នកទាំងគូមែននោះ ក៏បណ្ដោយឱ្យគេដើរចេញពីសម្ព័ន្ធភាពស្នេហ៍មួយនេះចុះ!។ ចូរនិយាយពាក្យថា លាទៅគេ និងលាអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់មានរួមគ្នា ទោះជាអ្នកមានអារម្មណ៍ឈឺចុកចាប់ប៉ុនណាក៏ដោយ។ ដឹងទេថា បើអ្នកទាំង2 ស្រឡាញ់គ្នាពិតមែននោះ បន្តិចទៀតគេនឹងរកផ្លូវត្រឡប់មករកអ្នកដោយខ្លួនឯងមិនខាន តែបើមិនមែនទេ…អ្នកក៏ទទួលបានមេរៀនហើយតើ?!។ មិនយូរទេ អ្នកអាចនឹងជួបនរណាម្នាក់ដើរចូលមក និងបើកឆាកស្នេហាជាថ្មីដូចដែលអ្នកស្រមៃទន្ទឹងចាំរហូតមកមិនខាន។ សូមឱ្យសំណាងល្អណា៎!៕