ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម Paris St-Germain បានធ្វើការវាយបកដើម្បីផ្តួលក្រុម Toulouse យ៉ាងចាស់ដៃក្នុងលទ្ធផល 6-2 ដើម្បីដណ្តើមបាន9ពិន្ទុពេញពីការប្រកួតបើកឆាកទាំង3លើករបស់ពួកគេក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ។
ការទទួលជ័យជម្នះដ៏កក់ក្តៅនេះបានធ្វើឲ្យក្រុម PSG របស់លោក Unai Emery ឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 បើទោះបីពួកគេបានដេញតាមពីក្រោយនៅកីឡដ្ឋាន Parc des Princes តាមរយៈគ្រាប់បាល់បើកឆាករបស់កីឡាករ Max Gradel នៅនាទីទី18ក៏ដោយ។ Neymar បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុម PSG មុនពេលកីឡាករ Adrien Rabiot រកគ្រាប់បាល់នាំមុខសម្រាប់ក្រុមខ្លួននៅមុនពេលបញ្ចប់តង់ទី1។
បន្ទាប់មក ខ្សែប្រយុទ្ធ Edinson Cavani បានបន្ថែមគ្រាប់បាល់ទី3 ដោយការស៊ុតបាល់ប៉េណាល់ទី2 មុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Thiago Silva បានជួយឲ្យក្រុមភ្ញៀវវាយបកបាន1គ្រាប់វិញ។ ប៉ុន្តែ កីឡាករ Javier Pastore, Layvin Kurzawa និង Neymar ដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោកបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដើម្បីផ្តល់ជ័យជម្នះដ៏កក់ក្តៅសម្រាប់ក្រុមខ្លួនតែម្តង។
ក្រោយពីបានរកគ្រាប់បាល់នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី1របស់គេនៅលើទឹកដីក្រុម Guingamp រួចមក ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បច្ចុប្បន្នបានស៊ុតបាល់បញ្ចូលទី3គ្រាប់ក្នុងការប្រកួត2លើកសម្រាប់ក្រុម PSG ចាប់តាំងពីផ្ទេរមកពីក្លិប Barcelona ក្នុងតម្លៃខ្លួន 222លានអឺរ៉ូ (ស្មើនឹង261លានដុល្លារអាមេរិក)។
ក្រោយពីបញ្ចប់ការប្រកួត Neymar វ័យ 25ឆ្នាំបាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងធូរស្រាលណាស់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាលេងនៅក្នុងផ្ទះអ៊ីចឹង។ ខ្ញុំកំពុងតែសម្របខ្លួនឲ្យបានរហ័សតាមដែលអាចធ្វើបាន។ ខ្ញុំកាន់តែមានភាពរឹងមាំផ្នែករាងកាយ ហើយខ្ញុំនៅតែអាចធ្វើបានល្អប្រសើរជាងនេះ»៕
ប្រភពពី៖ The Guardian