ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសជូនដំណឹងឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់នៅកម្ពុជា បង្កើតលេខកូដថ្មីមួយដើម្បីងាយស្រួលដល់អតិថិជនក្នុងការផ្ដាច់សេវាកម្មបន្ថែមណាមួយនៅក្នុងស៊ីមដែលពួកគេមិនចង់ប្រើ ក្នុងបំណងបញ្ចប់បញ្ហាកាត់ទឹកប្រាក់ពីក្នុងស៊ីមដោយមិនដឹងខ្លួន។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីអំពីការប្រើលេខកូដ *1200# ដើម្បីផ្ដាច់សេវាកម្មទូរស័ព្ទបន្ថែម ដែលត្រូវបានធ្វើឡើងក្នុងថ្ងៃទី 11ធ្នូនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានណែនាំឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយនឹងប្រតិបត្តិករប្រព័ន្ធទូរស័ព្ទចល័តទាំងអស់ បង្កើតលេខកូដ *1200# សម្រាប់អតិថិជនប្រើប្រាស់ដើម្បីពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែមដែលខ្លួនមិនត្រូវការ ចាប់ពីថ្ងៃ11ធ្នូ 2020 នេះតទៅ។
សេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានេះ ត្រូវបានធ្វើឡើងក្រោយពីមានករណីជាច្រើនបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំ រួមនឹងការត្អូញត្អែរជាបន្តបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់ ទាក់ទិននឹងបញ្ហាត្រូវក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ កាត់ទឹកប្រាក់ក្នុងស៊ីមដោយមិនដឹងមូលហេតុ។ ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដូចខាងក្រោម៖