បើនិយាយពីប្រទេសឥណ្ឌា ឈ្មោះរបស់ទីក្រុង Mumbai សម្រាប់មនុស្សមួយចំនួនច្បាស់ជាធ្លាប់ឮខ្លះៗមកហើយមិនខាន។ ជាទីក្រុងដ៏ធំមួយរបស់ប្រទេសដែលពេញណែនទៅដោយប្រជាជនយ៉ាងកុះករ។ ជាទីក្រុងចម្បងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភាពរីកចម្រើននៃរដ្ឋ មហារាស្ត្រៈ ដែលបង្កប់ទៅដោយចំហាយវប្បធម៌លោកខាងលិចយ៉ាងពេញបរិបូរណ៍…តែនៅពីក្រោយភាពរីកចម្រើនខាងផ្នែកសង្គមនេះ Mumbai នៅបង្កប់ដោយភាពរីកចម្រើនខាងផ្នែកស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រដ៏យូរលង់ទៀតផង។ ថ្ងៃនេះ យើងនឹងនាំមិត្តអ្នកអានទាំងអស់ទៅធ្វើទស្សនាចរក្នុងទីក្រុងដែលធំ និងសំខាន់បំផុតរបស់ប្រទេសឥណ្ឌាដែលមានឈ្មោះថា Mumbai ។
ប្រើពេលវេលាក្នុងការធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីឈ្មោះមួយត្រឹមតែ 4ម៉ោងប៉ុណ្ណោះ យើងក៏មកដល់អាកាសយានដ្ឋាន Mumbai Chhatrapati Shivaji (អាកាសយានដ្ឋានអន្តរជាតិ ឆាត្រាប៉ាទី ស៊ីវ៉ាជី)ដោយសុវត្ថិភាព។
ដូចដែលបានជម្រាបជូនពីខាងដើមរួចហើយថា ទីក្រុង មុមបៃ នេះជាទីក្រុងធំមួយដែលមានភាពសម្បូរបែបខាងផ្នែកវប្បធម៌ច្រើនណាស់ ដូច្នេះហើយទើបមណ្ឌលទេសចរណ៍នៅក្នុងទីក្រុងមុមបៃនេះ មានភាពខុសប្លែកពីគេយ៉ាងស្រឡះតែម្ដង៖ មានទាំងទីកន្លែងទេសចរណ៍ខាងប្រវត្តិសាស្ត្រ កន្លែងកម្សាន្តដែលអាចរាប់បានថាជា លែនដ៍ម៉ាក ឬសូម្បីតែការដើរថតរូបតាមដងផ្លូវក្នុងទីក្រុងមុមបៃក៏អាចនិយាយបានថា ជាមន្តស្នេហ៍មួយទៀតដែលហាមខកខានសម្រាប់ការមកលេងទីក្រុងមុមបៃ។ ឥឡូវយើងសាកល្បងនាំគ្នាទៅមើលមើល៍ថា តើមហានគរមួយនេះមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះ?
1.Gateway of India
ចាប់ផ្ដើមនៅឯអនុស្សាវរីយ៍ខ្លោងទ្វារជ័យនៃឥណ្ឌា តាំងយ៉ាងធំជ្រងោនៅតាមមាត់ទន្លេក្នុងតំបន់ អៈផលឡូ បាន់តឺរ។ ខ្លោងទ្វារជ័យមួយនេះសាងឡើងដើម្បីធ្វើជាអនុស្សាវរីយ៍ក្នុងឱកាសដែលព្រះមហាក្សត្រ ចច ទី5 និងព្រះរាជិនី មែរី ស្ដេចយាងមកប្រទេសឥណ្ឌា។ សាងឡើងអំពីឥដ្ឋពណ៌ទឹកឃ្មុំ ពេលត្រូវពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម ខ្លោងទ្វារជ័យនេះនឹងជះពន្លឺភ្លឺត្រចះត្រចង់ស្រស់ស្អាតជាទីបំផុត ជាលែនដ៍ម៉ាករបស់មុមបៃដែលអ្នកណាៗក៏ត្រូវតែមកទស្សនាទីនេះដែរ។
2.Taj Mahal Palace Hotel
នេះគឺ សណ្ឋាគារដែលត្រូវបានគេរំឭកដល់យ៉ាងល្បីល្បាញទូទាំងពិភពលោកក្នុងរឿងភាពស្រស់ស្អាតនៃការរចនាម៉ូដ។ Taj Mahal Palace Hotel ស្ថិតនៅជាប់នឹងអនុស្សាវរីយ៍ខ្លោងទ្វារជ័យ បានទទួលកម្លាំងជំរុញចិត្តក្នុងការកសាងមកពី Taj Mahal និងកាលពីមុន ទីនេះធ្លាប់ជាកន្លែងទទួលបដិសណ្ឋារកិច្ចរបស់ Queen Elizabeth នៃរាជវង្សអង់គ្លេសទៀតផង ហើយទីនេះទៀតសោតថែមទាំងអាចហៅបានថា ជាកន្លែងថតរូបដែលស្អាតបំផុតប្រចាំទីក្រុងមុមបៃ ដែលគេនិយាយថា បើបានមកទស្សនាទីក្រុងនេះហើយ មិនបានថតរូបនៅ Taj Mahal Palace Hotel គឺហាក់ដូចជាមិនបានមកដល់ទីនេះអ៊ីចឹង។
3.Elephant Caves
បន្ទាប់ពីថតរូបទុកជាអនុស្សាវរីយ៍បាន 2កន្លែង ទាំងខ្លោងទ្វារជ័យ និង Taj Mahal Palace Hotel រួចហើយ ក៏ដល់ពេលវេលាធ្វើដំណើរបន្តទៅ Elephant Caves ឬល្អាងរោងដំរី ដែលស្ថិតនៅលើកោះកណ្ដាលសមុទ្រ ដោយត្រូវជិះទូកពីត្រើយម្ខាង ប្រើពេលប្រមាណជា 45នាទី និងនៅពេលទៅដល់ហើយ នៅត្រូវធ្វើដំណើរថ្មើរជើងបន្តទៀតប្រមាណជា 20នាទី ដើម្បីឡើងទៅបរិវេណល្អាងរោងដំរីមួយនេះ។ ល្អាងរោងដំរីនេះអាចនិយាយបានថា ជាបេតិកភណ្ឌពិភពលោកដែលកើតឡើងដោយស្នាដៃរបស់មនុស្សក៏មិនខុសដែរ និងថែមទាំងត្រូវបានរក្សាទុកជាកេរមរតករបស់ពិភពលោកទៀតផង។ គ្រប់បន្ទប់ធំៗនៅក្នុងល្អាងនេះ ត្រូវបានចោះដោយស្នាដៃរបស់មនុស្សទាំងអស់។ ទីនេះត្រូវបានគេសន្និដ្ឋានថា សាងឡើងដើម្បីថ្វាយជូនអង្គព្រះសិវៈតាំងពីពុទ្ធសករាជទី1,000។ នៅខាងក្នុងមានការឆ្លាក់ក្បាច់រចនារបស់អង្គព្រះសិវៈ និងអាទិទេពផ្សេងៗក្នុងសាសនាហិណ្ឌូយ៉ាងល្អវិចិត្រ ជាស្ថាបត្យកម្មដែលអស្ចារ្យ និងមិនអាចកាត់ថ្លៃបានយ៉ាងពិតប្រាកដ។
(នៅមានត)