ពហុកីឡដ្ឋានជាតិ មរតកតេជោ កំពុងតែដំណើរការសាងសង់ជាធម្មតា ថ្វីបើមានការរាតត្បាតនៃជំងឺកូវីដ-19 ក៏ដោយហើយមកទល់នឹងពេលនេះ ទីលានបាល់ទាត់ធំ របស់ពហុកីឡដ្ឋានជាតិមួយនេះ បានសាងសង់រួច បានប្រមាណជាង 85ភាគរយហើយ ដោយបានបំពាក់ដំបូល និងលេចជារូបរាងទីលានបាល់ទាត់កម្រិតស្តង់ដាហើយ នៅឡើយតែការបំពាក់កៅអី និងបន្ថែមការរចនាពណ៍តែប៉ុណ្ណោះ។
ពហុកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងសម្រាប់ធ្វើពិធីបើក-បិទ ព្រឹត្តការណ៍ស៊ីហ្គេមលើកទី32 របស់កម្ពុជា នឹងត្រូវសាងសង់រួចរាល់នៅខែមេសា ឆ្នាំ2021 ខាងមុខ។ នេះបើតាមឱ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការរបស់ CAMSOC។
ពហុកីឡដ្ឋានមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងចំណាយទុនប្រមាណ160លានដុល្លារ ដែលអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ សាងសង់នៅលើផ្ទៃដីជាង១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ2023៕