នៅថ្ងៃនេះ នៅលើវេបសាយ Apple បានបង្ហាញចេញជាផ្លូវការ នូវកាសស្ដាប់ក្ដោបត្រចៀក ឥតប្រើខ្សែ ម៉ូដែលថ្មី មួយទៀតឈ្មោះ AirPods Max ដែលមានតម្លៃ 349ដុល្លារ ដោយឡែកនៅលើទីផ្សារបរទេស អាចមានតម្លៃ 549ដុល្លារ ។ AirPods Max នឹងចេញលក់ចាប់ពីថ្ងៃទី15 ខែធ្នូ មានពណ៌ប្រផេះ ពណ៌ប្រាក់ ពណ៌ខៀវ ពណ៌បៃតង និងពណ៌ផ្កាឈូក។
កាសនេះ មានរន្ធដោតចំនួនមួយ សម្រាប់ការសាកថ្ម ដែលសាកថ្មម្ដង អាចស្ដាប់បាន រហូតដល់ 20ម៉ោង ទោះបីដំណើរការមុខងារ ANC ក្ដី។ កាសAirPods Max នេះ បំពាក់មុខងារពិសេស ដូចជា Active Noise Cancellation (ANC) ជាមុខងារទប់សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅ, មុខងារ Adaptive EQ និងមុខងារ Spatial Audio ហើយវាក៏មានប៊ូតុងចុចមួយចំនួន និង Sensor ទំនើបៗទៀតផង។
ប៊ូតុង Digital Crown ដែលយកលំនាំតាមប៊ូតុង លើ Apple Watch អាចផ្ដល់ការបញ្ជាលើកម្រិតសំឡេង, អាចផ្អាក ឬចាក់ចម្រៀង, ប្ដូរបទចម្រៀង, ទទួលការហៅចូល ឬផ្ដាច់ការសន្ទនា និងអាចប្រើដើម្បីដំណើរការ Siri។ ការបញ្ជាទាំងនេះអាចធ្វើឡើងដោយការចុច 1ដង, 2ដង, 3ដង ឬចុចឱ្យជាប់ ក៏បាន។ បន្ថែមពីនេះ នៅមានប៊ូតុងមួយ សម្រាប់បញ្ជាលើសំឡេងរំខាន ដែលអាចផ្លាស់ប្ដូររវាងមុខងារ ANC និងមុខងារ Transparency បានទៀតផង៕