ក្រុមហ៊ុន Vineyard Wind បានប្រកាសអំពីគម្រោងសាងសង់ទីតាំងផលិតអគ្គិសនីពីកម្លាំងខ្យល់នៅក្នុងលម្ហសមុទ្រ ដែលមានទ្រង់ទ្រាយធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក និងនៅក្នុងពិភពលោក ជាមួយនឹងទួរប៊ីនកង្ហារដែលមានកម្ពស់ដល់ទៅ 260ម៉ែត្រ។
ទីតាំងផលិតអគ្គិសនីដែលមានទួរប៊ីនកង្ហារយក្សចំនួនជាង 60 នឹងត្រូវបានដំឡើងនៅក្នុងលម្ហសមុទ្រដែលមានចម្ងាយប្រហែល 24គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Martha’s Vineyard នៃរដ្ឋ Massachusetts។ នៅពេលដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ 2023 មូលដ្ឋាននេះនឹងផលិតបានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារចំនួន 400,000គ្រួ នៅតំបន់ New England។
ដោយមានកម្ពស់ដល់ទៅ 260ម ទួរប៊ីន Haliade-X នីមួយៗ មានកម្លាំង 13MW ដែលខ្លាំងដល់ថ្នាក់ ការវិលមួយជុំរបស់កង្ហារ អាចផលិតអគ្គិសនីបានគ្រប់គ្រាន់សម្រាប់មនុស្សមួយគ្រួសារប្រើប្រាស់ក្នុងរយៈពេល 2ថ្ងៃ នេះបើតាម ក្រុមហ៊ុន GE Renewable Energy។ ទាំងនេះគឺជាម៉ូដែលទួរប៊ីនខ្យល់ធំជាងគេបង្អស់ក្នុងពិភពលោក។
ជាមួយនឹងទួរប៊ីនសរុបចំនួន 62 នៅពេលដំណើរការអស់ពីសមត្ថភាព ទីតាំងផលិតអគ្គិសនី Vineyard Wind នេះ នឹងអាចផលិតបានអគ្គិសនីចំនួន 312 MWh/ថ្ងៃ ច្រើនជាង 10% បើធៀបនឹងឯតទគ្គកម្ម 262 MWh ដែលត្រូវបានផលិតឡើងដោយទីតាំងទួរប៊ីនខ្យល់នៅប្រទេសហូឡង់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vineyard Wind លោក Lars T. Pedersen បញ្ជាក់ថា៖ «នេះគឺជាគម្រោងដ៏សំខាន់សម្រាប់យើងខ្ញុំ និងសម្រាប់អនាគតនៃវិស័យថាមពលស្អាត ដែលបានត្រៀមខ្លួនជាស្រេចក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ»។
គម្រោងខាងលើនេះ ក៏ត្រូវបានគេសង្ឃឹមថា នឹងជួយកាត់បន្ថយឧស្ម័នកាបោនចំនួនជាង 1.6លានតោនក្នុងមួយឆ្នាំៗ ដែលនេះនឹងរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។
ក្រុមហ៊ុន Vineyard Wind ឱ្យដឹងថា ការសាងសង់ទីតាំងផលិតអគ្គិសនីនេះនឹងចាប់ផ្ដើមធ្វើឡើងនៅពាក់កណ្ដាលចុងឆ្នាំ 2021 ជាមួយនឹងទុនវិនិយោគឡើងដល់ 3ពាន់លានដុល្លារអាមេរិក។ បង្គោលកង្ហារយក្សនីមួយៗ នឹងត្រូវបានដាក់ឃ្លាតពីគ្នា 0.8 ម៉ាយល៍ (ប្រហែល 1.3គីឡូម៉ែត្រ)៕
ប្រភព៖ Amed Post