ស្របពេលដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងខ្លាំង វិស័យវិនិយោគ និងផ្នែកនានាក្នុងសង្គមក៏ចាប់ផ្តើមអភិវឌ្ឍខ្លាំងឡើងជារៀងរាល់ថ្ងៃដែរ។ នៅក្នុងដំណើរនៃការរៀបចំសង្គមដែលប្រកបដោយការប្រកួតប្រជែងផ្នែកអាជីវកម្ម ធនធានមនុស្សចាប់ផ្តើមក្លាយជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់ ព្រោះគ្រប់ចង្វាក់ផលិតកម្ម ឬសេវាកម្មនានាសុទ្ធតែត្រូវការមនុស្សទៅធ្វើការ។
ជាក់ស្តែង ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធនានាខំជំរុញឱ្យមានការគិតគូរពីបញ្ហាសុខភាព និងការគាំពារកុមារតាមរយៈគម្រោងនានាដូចជាការគាំពារមិនឱ្យមានអំពើហិង្សា គាំពារផ្នែកសិទ្ធិកុមារ និងការគាំពារផ្នែកសុខភាពជាដើម។ តែទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដែលចេញដោយអង្គការ Unicefនៅកម្ពុជាឆ្នាំ 2016 បានបង្ហាញថា ជំងឺកង្វះអាហារូបត្ថម្ភលើកុមារ នៅតែជាបញ្ហាធំនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះកុមារក្រោមអាយុ 5 ឆ្នាំ ចំនួន 32% មានជំងឺក្រិសក្រិន។ តាមការរកឃើញរបស់អង្គការអន្តរជាតិមួយនេះបានបង្ហាញផងដែរថា កុមារចំនួន 10% មានបញ្ហាស្គមស្គាំង និងចំនួន 24% មានបញ្ហាមិនគ្រប់ទម្ងន់។
យោងតាមរបាយការណ៍របស់ Unicef ដដែលបានបង្ហាញផងដែរថា នៅឆ្នាំ 2013 មានការបាត់បង់ថវិកាយ៉ាងហោចណាស់168លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសារតែផលវិបាកអវិជ្ជមានផ្នែកសុខភាពមួយចំនួនដែលបង្កើតឡើងដោយអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ស្ថាប័នពាក់ព័ន្ធនានាបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ដើម្បីជាផ្នែកមួយនៃការជំរុញឱ្យអនាគតធនធានមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរឡើង៕