សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយទាក់ទងនឹងការសហការសម្រួលឱ្យមានសេវាកម្មទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានដោយកម្រៃសេវាសមរម្យ ក្នុងបំណងរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល Covid-19 តាមរយៈការប្រើប្រាស់សាច់ប្រាក់ផ្ទាល់។
សេចក្ដីប្រកាសបន្តថា សហគមន៍ធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលឱ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ដែលនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងកម្រៃសេវាកម្មទាបសមរម្យជាងមុន តាមរយៈការកែសម្រួលលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូនដំណឹងនាពេលខាងមុខ។
នៅក្នុងសេចក្ដីប្រកាសនេះ សមាគមបានលើកទឹកចិត្តឱ្យសាធារណជន អតិថិជន និងអាជីវករទាំងអស់ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលអតិថិជនកំពុងប្រើប្រាស់ ដោយការទាញយកកម្មវិធីទូទាត់ និងកម្មវិធីធនាគារឌីជីថលនានានៅកម្ពុជា៕