ទីភ្នាក់ងារអវកាសអាមេរិក (NASA) កាលពីថ្ងៃទី 7ធ្នូ បានប្រកាសឱ្យដឹងអំពីរបាយការណ៍បឋមមួយដែលនិយាយលម្អិតអំពីគោលដៅអាទិភាពសម្រាប់ក្រុមអវកាសចរនៅក្នុងបេសកកម្ម Artemis នាពេលខាងមុខ។
មួយក្នុងចំណោមគោលដៅនានារបស់បេសកកម្មខាងលើ នឹងនាំយកសំណាកដីដែលមានទម្ងន់ 85 គីឡូក្រាម ដែលរួមមានទាំងសំណាកនៅលើផ្ទៃខាងលើ និងខាងក្រោមដីរបស់ឋានព្រះចន្ទ ត្រលប់មកកាន់ផែនដី ដែលនេះគឺជាបរិមាណដ៏ច្រើន បើធៀបនឹងទម្ងន់មធ្យម 64 គីឡូក្រាមដែលអវកាសចរក្នុងបេសកកម្ម Apollo បាននាំមកកាន់ផែនដី ចាប់ពីឆ្នាំ 1969 ដល់ឆ្នាំ 1972។
«ព្រះចន្ទមានសក្ដានុពលផ្នែកវិទ្យាសាស្ត្រដ៏ធំធេង ហើយក្រុមអវកាសចរនឹងជួយឱ្យយើងស្រាវជ្រាវទៅលើវា» អនុប្រធានរបស់គណៈកម្មការនៃបេសកកម្មវិទ្យាសាស្ត្ររបស់ NASA លោក Thomas Zurbuchen និយាយដូច្នេះ។
របាយការណ៍ដែលមានកម្រាស់ 188 ទំព័រ បានគូសវាសនូវគោលដៅវិទ្យាសាស្ត្រអាទិភាពជាច្រើនសម្រាប់បេសកកម្ម Artemis ដែលនឹងត្រូវបានដំណើរការចាប់ពីឆ្នាំ 2021។
ក្នុងនោះដែរ បេសកកម្ម Artemis I នឹងមានការសាកល្បងប្រព័ន្ធបាញ់បង្ហោះក្នុងទីអវកាស និងយាន Orion គ្មានមនុស្សបើក ដែលនេះនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ 2021។ ពីរឆ្នាំបន្ទាប់ NASA នឹងដំណើរការបេសកកម្ម Artemis II ជាមួយនឹងការសាកល្បងលើយានអវកាសមានមនុស្សបើក ដែលនឹងហោះទៅកាន់គន្លងគោចរផែនដី ប៉ុន្តែមិនទាក់ទងនឹងការចុះចតលើឋានព្រះចន្ទ។ ភារកិច្ចសំខាន់ជាងគេ នោះគឺ បេសកកម្ម Artemis III ដែលនឹងនាំមនុស្សឡើងទៅជាន់ភពរណបធម្មជាតិរបស់ផែនដីនេះ នៅក្នុងឆ្នាំ 2024 ក្នុងនោះក៏នឹងមានអវកាសចរជាស្ត្រីមួយរូបដំបូងគេផងដែរ។
ក្រុមអវកាសចរនឹងត្រូវចំណាយពេលត្រឹមតែ 6ថ្ងៃកន្លះ នៅលើឋានព្រះចន្ទ ដើម្បីប្រមូលសំណាកដី និងថ្ម និងស្វែងយល់បន្ថែមអំពីទីឋាននេះ។ គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030 ដែលនេះគឺជាមហិច្ឆតាដ៏ធំសម្បើមមួយទាមទារឱ្យមានជំនួយរាប់ម៉ឺនលានដុល្លារ និងត្រូវការការយល់ព្រមពីប្រធានាធិបតី ក៏ដូចជាសភាអាមេរិកាំង។
នៅក្នុងបេសកកម្ម Artemis III ក្រុមអ្នកជំនាញមានគម្រោងបង្កើតបណ្ដាញវីដេអូ និងទិន្នន័យក្នុងពេលតែមួយដែលភ្ជាប់ពីក្រុមអ្នកអវកាសនៅលើឋានព្រះចន្ទទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រនៅលើផែនដី។ ពួកគេក៏ស្នើឱ្យបង្កើតឧបករណ៍ដែលមានទម្ងន់ស្រាលជាងមុន និងអាចបំពេញភារកិច្ចបានច្រើនជាងមុន។
ក្រៅពីនេះ NASA ក៏នឹងពិនិត្យទៅលើការដំឡើងជាមុននូវឧបករណ៍វិទ្យាសាស្ត្រនៅក្នុងតំបន់ក្បែរខាងនៃទីតាំងចុះចត Artemis III ក្នុងនោះមានដូចជា ឃ្លាំងផ្ទុកសម្ភារសម្រាប់ក្រុមអវកាសចរប្រើប្រាស់ពេលឡើងដល់ឋានព្រះចន្ទ រួមនឹងរ៉ូបូតស្រាវជ្រាវមួយគ្រឿង ឬច្រើនគ្រឿង ដើម្បីតាមដានបរិស្ថាននៅជុំវិញ៕
ប្រភព៖ AFP