ភ្នំពេញៈ ស្របពេលការដាក់ចេញបទប្បញ្ញត្តិនានាពីធនាគារជាតិនៃកម្ពុជា កាន់តែមានភាពតានតឹងជាងមុន អ្នកវិភាគកម្ពុជាបានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុបានឈានដល់របត់ថ្មីមួយ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consulting បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឈានដល់របត់ថ្មីមួយដែលអ្នកវិនិយោគក្នុងវិស័យនេះបាននិងកំពុងយកចិត្តទុកដាក់ដើម្បីបន្តឈរជើងនៅលើទីផ្សារឱ្យបានដោយផ្អែកលើមូលដ្ឋានមួយចំនួនដូចជា៖
ទី1/ ការតម្រូវឱ្យដំឡើងដើមទុនចុះបញ្ជីដែលគ្រឹះស្ថានតូចៗមួយចំនួនត្រូវលក់ទៅឲ្យអ្នកវិនិយោគដែលមានលទ្ធភាព ឬច្របាច់បញ្ចូលគ្នាជាមួយគ្រឹះស្ថានដទៃ។ នេះជាសញ្ញាដ៏វិជ្ជមានមួយ ព្រោះសព្វថ្ងៃកម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនពេករហូតដល់62គ្រឹះស្ថានដែលធ្វើឲ្យខ្វះប្រសិទ្ធភាពក្នុងការផ្តល់សេវា។
ទី2/ សម្ពាធដែលត្រូវបញ្ចុះអត្រាការប្រាក់តាមរយៈការប្រកួតប្រជែងខ្លាំង យុទ្ធសាស្ត្ររួមមាន កាត់បន្ថយថ្លៃដើមប្រតិបត្តិការ បង្កើនការផ្តល់កម្ចីខ្នាតមធ្យម និងខ្នាតធំ។
ទី3/ ការប្រើបច្ចេកវិទ្យាដើម្បីជំរុញប្រសិទ្ធភាពប្រតិបត្តិការ ដូចជាការសងត្រឡប់តាមទូរស័ព្ទដៃទំនើប ជាដើម។
ទី4/ វិស័យនេះត្រូវបន្តអប់រំមហាជនពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនប្រើកម្ចីត្រូវគោលដៅ ព្រោះនិរន្តរភាពជីវភាពរបស់អតិថិជន គឺជានិរន្តរភាពរបស់ស្ថាប័ន និងវិស័យទាំងមូល។
លោក ង៉ែត ជូ បានបន្តថា “វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកធ្វើឲ្យពិភពលោកស្គាល់កម្ពុជា ជាមោទនភាពគឺ ធនាគារអេស៊ីលីដា និងធនាគារស្ថាបនាបានឈានជើងចូលទីផ្សារប្រទេសឡាវ និងភូមា”៕