ក្រោយពីចំណាយពេល 6 ឆ្នាំ ក្នុងការគិតគូរ និងសាងសង់ គេហដ្ឋានស្រោបមាសមួយខ្នងដែលស្ថិតក្នុងបរិវេណដីទំហំ 1,500ម៉ែត្រការ៉េ របស់លោក Van Trung កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនៅទីក្រុង Can Tho។
ថ្មីៗនេះ «ផ្ទះស្រោបមាស» មួយខ្នង ដែលស្ថិតនៅក្នុងទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម បានក្លាយជាឈ្មោះដែលត្រូវបានគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ។ សម្ភារភាគច្រើននៅក្នុងផ្ទះនេះ ត្រូវបានស្រោបពណ៌លឿង នាំឱ្យគេឆ្ងល់ថា «តើនេះត្រូវបានគេស្រោបមាស ឬយ៉ាងណា?»។
ម្ចាស់របស់ផ្ទះពិសេសនេះ គឺលោក Nguyen Van Trung ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យម្នាក់នៅភាគខាងត្បូងប្រទេសវៀតណាម។ លោក Trung និយាយថា គំនិតអំពីផ្ទះនេះត្រូវបានលោកគិតតែងតែពីយូរមកហើយ ប៉ុន្តែ ទើបតែបានចាប់ផ្ដើមធ្វើកាលពី 6ឆ្នាំមុន។ ក្នុងនោះ ផ្ទះធ្វើអំពីឥដ្ឋសេរ៉ាមិច គឺជាចំណុចពិសេសនៅក្នុងហាងកាហ្វេរបស់លោក ដែលស្ថិតក្នុងទីក្រុង Can Tho។
លោក Trung ប្រាប់ថា នេះគឺជាលទ្ធផលដែលបានកើតឡើងពីការសន្សំនូវគំនិតថ្មី ប្លែកៗ ក្នុងគ្រាដែលលោកបានចេញទៅបរទេស។ បច្ចុប្បន្ន ផ្ទះនេះបានចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវដែលមកកាន់ហាងកាហ្វេរបស់លោក និងទុកជាអនុស្សាវរីយ៍សម្រាប់ការទស្សនា និងថតរូប។ នៅទីនេះ គេក៏ឃើញមាន «ស្ថាបត្យកម្ម» តាមបែបបទប្រទេសផ្សេងៗ ចាប់ពីអឺរ៉ុប ដល់អាស៊ី។
ម្ចាស់ផ្ទះខាងលើបានបន្ថែមថា ជារៀងរាល់ថ្ងៃ មានមនុស្សមកទស្សនាផ្ទះរបស់លោក ប្រហែលជា 100 នាក់។ ចំណែកថ្ងៃចុងសប្ដាហ៍វិញ គឺមានភ្ញៀវច្រើនណាស់។
លោក Trung បញ្ជាក់ថា ក្រៅពីស្រោបមាស លោកក៏ជ្រើសរើសរុក្ខជាតិប្រណិតៗសម្រាប់តាំងលម្អផ្ទះនេះទៀតផង៕
ប្រភព៖ Soha