ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមអចលនទ្រព្យថៃដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងផលប្រយោជន៍ទាំងសងខាង។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីថ្ងៃទី18 សីហាកន្លងមកនេះបានចុះកិច្ចព្រមព្រៀងជាមួយសមាគមអចលនទ្រព្យរបស់ប្រទេសថៃក្នុងពេលដែលលោក និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានចូលរួមក្នុងសន្និសីទទាក់ទងនឹងវិស័យអចលនទ្រព្យនៅទីក្រុងបាងកក ប្រទេសថៃ។ ការចុះហត្ថលេខានេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ។
លោក គីម ហ៊ាង ធ្លាប់បានបង្ហាញពីមហិច្ឆតានាំក្រុមហ៊ុនធ្វើការក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យអាចទៅធ្វើការរកស៊ីបានជាមួយប្រទេសក្នុងតំបន់នាពេលអនាគតតាមរយៈការសហការជាមួយដៃគូ និងសមាគមជាមួយប្រទេសនៅក្នុងតំបន់។
ជាមួយគ្នានេះ ក្នុងអាណត្តិកន្លងមកលោក គីម ហ៊ាង ក៏បានចុះកិច្ចព្រមព្រៀងជាមួយសមាគមធ្វើការទាក់ទងនឹងវិស័យអចលនទ្រព្យជាច្រើនជាមួយប្រទេសក្នុងតំបន់ ពិសេសសមាគមដីធ្លីនៅសហរដ្ឋអាមេរិកដែលមានសមាជិកជាង1លាននាក់។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបច្ចុប្បន្នមានសមាជិកជាង100ក្រុមហ៊ុនដែលជាក្រុមហ៊ុនខ្មែរ និងបរទេសដែលបាននិងកំពុងដើរតួនាទីជាភ្នាក់ងារវាយតម្លៃ និងផ្តល់សេវាជួល-ទិញលក់អចលនទ្រព្យនៅកម្ពុជា៕