នៅកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់ស្ថាប័នទាំងផ្នែកអប់រំ ពាណិជ្ជកម្ម និងស្ថាប័នដទៃទៀត ហាក់កំពុងយកចិត្តទុកដាក់ និងជំរុញការបណ្តុះបណ្តាលសហគ្រិនភាពដើម្បីជួយយុវជនឱ្យបង្កើតអាជីវកម្មថ្មី (Start Up) ដើម្បីចូលរួមចំណែកប្រកួតប្រជែងជាមួយប្រទេសដទៃប្រកបដោយភាពស្វាហាប់។
រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងអប់រំបានព្យាយាមពង្រីកការបណ្តុះបណ្តាលពីជំនាញសហគ្រិនភាពដល់យុវជនកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យគាត់ចេះបង្កើតអាជីវកម្មដោយខ្លួនឯង ចេះលក់ និងចេះបង្កើតទំនាក់ទំនងជាដើម។ ការដែលយើងធ្វើបែបនេះគឺដើម្បីផ្តល់ឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាព និងបង្កើនចំនួនសហគ្រិននៅក្នុងប្រទេសរបស់យើងឱ្យកាន់តែមានចំនួនច្រើនឡើង។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងមានសហគ្រិនច្រើន ពួកគេនឹងអាចស្រូបទាញកម្លាំងពលកម្មនៅក្នុងស្រុក ហើយក៏ជាកម្លាំងមួយដែលអាចប្រកួតប្រជែងទៅអន្តរជាតិផងដែរ»។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្ថាបនិកសហគ្រាសសង្គម ផ្ទះតាមក្តីប្រាថ្នា លោក ហាវ គង់ងី បានថ្លែងថា ការបង្កើតអាជីវកម្មថ្មីអាចផ្តល់ឱកាសឱ្យយើងបានជួយដល់មនុស្សជាច្រើនផ្សេងទៀតដែលកំពុងត្រូវការជំនួយពីអាជីវកម្មរបស់យើង។
នៅពេលដែលយើងបានបង្កើតអាជីវកម្មថ្មី យើងអាចច្នៃផលិតផល និងគោលបំណងនៃសេវាកម្មរបស់យើងដើម្បីបម្រើឱ្យផលប្រយោជន៍សង្គម និងអាចជួយមនុស្សជាច្រើនផ្សេងទៀតដែលកំពុងត្រូវការការងារ។
លោក ហាវ គង់ងី បាននិយាយថា៖ «ខ្ញុំចាប់ផ្តើមអាជីវកម្ម ដោយសារខ្ញុំមើលឃើញពីចំណុចខ្វះខាតរបស់សង្គម។ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនមានការកើនឡើង ហើយផ្ទះជាតម្រូវការចាំបាច់សម្រាប់ពួកគេ ហេតុនេះការបង្កើតអាជីវកម្មផ្ទះតាមក្តីប្រាថ្នានេះ គឺដើម្បីសង់ផ្ទះក្នុងតម្លៃសមរម្យ និងជួយដល់អ្នកដែលមានចំណូលទាបឱ្យសម្រេចក្តីប្រាថ្នារបស់ខ្លួនដោយមានផ្ទះសមរម្យមួយ»។
យុវជនគួរស្វែងរកបញ្ហានានាដែលជាចំណុចខ្វះខាត ឬជាតម្រូវការរបស់មនុស្សដើម្បីបង្កើតអាជីវកម្មសម្រាប់ដោះស្រាយបញ្ហាទាំងអស់នោះ៕