បង្គោលលោហធាតុអាថ៌កំបាំងទីបួន ដែលប្រហាក់ប្រហែលនឹងបណ្ដាបង្គោលលោហធាតុមុនៗ ត្រូវបានប្រជាជនក្នុងតំបន់ប្រទះឃើញនៅលើកោះភាគខាងត្បូងប្រទេសអង់គ្លេស។
Tom Dunford អាយុ 29ឆ្នាំ បានប្រទះឃើញបង្គោលលោហធាតុមួយពេលកំពុងនាំអនាគតភរិយា និងប្អូនស្រីដើរលេងតាមឆ្នេរសមុទ្រ Compton នៃកោះ Wight កាលពីព្រឹកថ្ងៃទី 6ធ្នូ។ Dunford និយាយថា៖ «ខ្ញុំបានដឹងអំពីព័ត៌មានទាំងឡាយទាក់ទងនឹងបង្គោលលោហធាតុកាលពីពេលថ្មីៗនេះ ដូច្នេះ ខ្ញុំស្គាល់វាច្បាស់»។
យោងតាម Dunford បង្គោលលោហធាតុនេះ មានមុខបី កម្ពស់ប្រហែល 3ម៉ែត្រ និងមានភ្លឺរលោង ប្រហាក់ប្រហែលនឹងបង្គោលលោហធាតុដែលត្រូវបានប្រទះឃើញនៅសហរដ្ឋអាមេរិក និងរូម៉ានីមុននេះ។
ក្រោយពីដំណឹងខាងលើបានលេចឮ ភ្លាមនោះ ប្រជាជនក្នុងតំបន់ក៏នាំគ្នាទៅកាន់កន្លែងកើតហេតុដើម្បីបានឃើញផ្ទាល់នឹងភ្នែក។
Dunford និយាយថា៖ «អ្នកដែលបានដាក់បង្គោលលោហធាតុនៅទីនោះ ដឹងថា ពួកគេកំពុងធ្វើអ្វី។ ប្រហែលជាមានអ្នកណាម្នាក់កំពុងតែលេងល្បែងបញ្ឆោតលក្ខណជាក់ស្ដែង»។
បណ្ដាបង្គោលលោហធាតុដ៏អាថ៌កំបាំង បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក ក្រោយពីវាបានបង្ហាញខ្លួនជាលើកដំបូងនៅសមុទ្រខ្សាច់មួយក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក និងនៅលើភ្នំមួយក្នុងប្រទេសរូម៉ានី ហើយថ្មីៗនេះទៀត គឺនៅលើកំពូលភ្នំមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
ការបង្ហាញខ្លួនរបស់ពួកវា (បង្គោលលោហធាតុ) នាំឱ្យមានពាក្យចចាមអារ៉ាមជាច្រើនអំពីប្រភពរបស់វា ក្នុងនោះមានអ្នកខ្លះជឿថា វាអាចជាឧបករណ៍វិទ្យាសាស្ត្ររបស់មនុស្សពិភពផ្កាយដទៃ ខណៈដែលអ្នកខ្លះថា ជាការលេងសើច ឬជាស្នាដៃសិល្បៈរបស់មនុស្សមួយក្រុម។ល។
ប្រភព៖ NY Post