រ៉ុកកែតពីរជាន់ Falcon 9 ដែលមានភ្ជាប់យានអវកាស Dragon បានហោះឡើងពីមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋ Florida នៃសហរដ្ឋអាមេរិក នៅវេលាម៉ោង 11និង17នាទី ថ្ងៃទី 6ធ្នូ ឆ្នាំ2020។
ក្រុមហ៊ុន SpaceX ធ្វើការដឹកជញ្ជូនទំនិញឱ្យទីភ្នាក់ងារអវកាសអាមេរិក (NASA) លើកទី 21 ដោយជោគជ័យ។ នេះគឺជាការបាញ់បង្ហោះលើកទី 24 របស់ SpaceX នៅក្នុងឆ្នាំនេះ ហើយវាក៏ជាការបាញ់បង្ហោះលើកទី 101 របស់រ៉ុកកែត Falcon 9 ផងដែរ។ បញ្ហាអាកាសធាតុបានបណ្ដាលឱ្យក្រុមហ៊ុននេះត្រូវពន្យារពេលបាញ់បង្ហោះមួយថ្ងៃធៀបនឹងកាលបរិច្ឆេទដំបូង។
ប្រហែលជា 9នាទីបន្ទាប់ពីបានបាញ់បង្ហោះ ជាន់ទីមួយរបស់រ៉ុកកែត Falcon 9 ដែលមានឈ្មោះថា B1058 បានត្រលប់មកកាន់ផែនដី និងចុះចតនៅលើស្រឡាង “Of Course I Still Love You” របស់ SpaceX ដែលស្ថិតនៅលើមហាសមុទ្រអាត្លង់ទិក។ ដូច្នេះ B1058 ត្រូវបានប្រើប្រាស់ជាលើកទី4 ដោយសុវត្ថិភាព។ មុននេះ B1058 ក៏ធ្លាប់ចូលរួមក្នុងបេសកកម្ម Demo-2 ដែលនាំយកអវកាសចរ 2រូប ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ការបាញ់បង្ហោះផ្កាយរណបព័ត៌មានរបស់កងទ័ពកូរ៉េខាងត្បូង និងការបាញ់បង្ហោះផ្កាយរណប Starlink របស់ SpaceX ផងដែរ។
នៅក្នុងភារកិច្ចថ្មីនេះ យាន Dragon បាននាំយកទំនិញ 2,903គីឡូក្រាមទៅកាន់ស្ថានីយ ISS។ ទំនិញទាំងនេះ រួមមាន ឧបករណ៍វិទ្យាសាស្ត្រ និងសម្ភារមួយចំនួនសម្រាប់រដូវបុណ្យណូអែល។
យាន Dragon នឹងតភ្ជាប់ជាមួយស្ថានីយ ISS ក្រោយពីបានបាញ់បង្ហោះជាង 24ម៉ោង។ ខណៈនោះ គឺជាលើកដំបូងហើយដែល ISS នឹងតភ្ជាប់ជាមួយនឹងយានអវកាស Dragon ចំនួន 2 ក្នុងពេលតែមួយ។ ក្រៅពីនេះក៏នៅមាន Crew Dragon Resilience ដែលជាយានដឹកអ្នកអវកាស 4រូប ឡើងទៅកាន់ ISS កាលពីថ្ងៃទី 15វិច្ឆិកា។
នៅពេលត្រលប់មកកាន់ផែនដី យាន Dragon នឹងចុះចតលើស្រឡាងដែលស្ថិតនៅលើមហាសមុទ្រអាត្លង់ទិក ជំនួសឱ្យមហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះនឹងជួយកាត់បន្ថយពេលវេលាសម្រាប់ក្រុមការងាររបស់ SpaceX៕
ប្រភព៖ Space