មានរឿងអ្វីបានជាតារាចម្រៀងស្រី Taylor Swift លុបវីដេអូ និងព័ត៌មានផ្ទាល់ខ្លួនរបស់នាងចេញពីបណ្ដាញផ្សព្វផ្សាយទំនាក់ទនងសង្គមទាំងអស់ដូច្នោះ?
តាមរយៈសារព័ត៌មានដ៏ធំមួយប្រចាំចក្រភពអង់គ្លេស Dailymail បានចេញផ្សាយឱ្យដឹងថា នៅប្រមាណជាម៉ោង 11 និង 30 នាទីព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះ Taylor Swift បានលុបចោលរាល់ព័ត៌មានផ្ទាល់ខ្លួន វីដេអូ និង រូបភាពដែលនាងតែងតែអាប់ដេតជាមួយអ្នកគាំទ្ររបស់នាង ចេញពីបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ដូចជា Instagram, Twitter, Tumblr ជាពិសេសគឺ Facebook Page ផ្លូវការរបស់នាងទាំងអស់ដែលនាងទើបតែចាប់ផ្ដើមប្រើប្រាស់កាលពីឆ្នាំ 2015។
ហេតុការណ៍ចម្លែកមួយនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល ដោយមានការសង្ស័យថា គណនីសង្គមរបស់នាងទាំងប៉ុន្មាននេះអាចត្រូវបានជនមិនស្គាល់មុខលួចចូលទៅប្រើប្រាស់ ពោលគឺស្របពេលដែលបច្ចុប្បន្នមានការហ៊ែកចូលគណនីជាច្រើន។ ការភ័យស្លន់ស្លោ គឺស្របពេលដែលតារាស្រីរូបនេះកំពុងតែដាក់លក់អាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនដែលបានច្រៀងរួមគ្នាជាមួយអតីតសមាជិកក្រុមចម្រៀងប្រុស One Direction គឺលោក ZAYN ដែលមានចំណងជើងថា «Don’t Wanna Live Forever»។
គួរបញ្ជាក់ផងដែរថា នៅលើបណ្ដាញសង្គមរបស់តារាចម្រៀងរូបស្អាតរូបនេះដូចជា Twitter page មានអ្នកគាំទ្រ 85.4 លាននាក់ ហើយ Instagram មានប្រមាណជា 102 million និង Facebook មានលើសពី 70.5 លាននាក់ផងដែរ។ រហូតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយពីតារាវ័យ 27ឆ្នាំរូបនេះនៅឡើយទេ ដឹងត្រឹមតែថា នាងកំពុងតែស្វែងរកដំណោះស្រាយ៕