Sahin បច្ចុប្បន្នគឺជាអ្នកមានជាងគេលំដាប់ទី 493 ក្នុងពិភពលោក ជាមួយនឹងទ្រព្យសរុបចំនួន 5.1ពាន់លានដុល្លារអាមេរិក នេះបើតាមស្ថិតិរបស់ Bloomberg Billionaires Index។
សហស្ថាបនិករបស់ក្រុមហ៊ុន BioNTech ទើបតែមានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋីទាំង 500នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក ក្រោយពីមុននេះប៉ុន្មានថ្ងៃត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចអនុម័តប្រើប្រាស់វ៉ាក់សាំង Covid-19 ដែលក្រុមហ៊ុនអាល្លឺម៉ង់សហការជាមួយក្រុមហ៊ុន Pfizer ក្នុងការអភិវឌ្ឍ។
ចាប់ពីដើមសប្ដាហ៍រហូតដល់ពេលនេះ មូលបត្រ BioNTech បានកើនឡើងជិត 10% និងកើនសរុបជាង 250% រាប់ចាប់ពីដើមឆ្នាំ។ Ugur Sahin បច្ចុប្បន្នគឺជាអ្នកមានជាងគេលំដាប់ទី 493 ក្នុងពិភពលោក ជាមួយនឹងទ្រព្យសរុបចំនួន 5.1ពាន់លានដុល្លារអាមេរិក នេះបើតាមស្ថិតិរបស់ Bloomberg Billionaires Index។
អង់គ្លេសគឺជាប្រទេសដំបូងគេមួយនៅអឺរ៉ុបដែលបានអនុម័តប្រើប្រាស់វ៉ាក់សាំង Covid-19 ដែលជាជំហានដ៏ធំមួយសម្រាប់វ៉ាក់សាំងដែលក្រុមហ៊ុន Pfizer និង BioNTech អះអាងថា មានប្រសិទ្ធភាពរហូតដល់ 95% ក្នុងការទប់ស្កាត់វីរុស Covid-19។ BioNTech កំពុងតែរង់ចាំការសម្រេចពីនាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារអាមេរិក (FDA) និងក្រុមអ្នកគ្រប់គ្រងរបស់សហភាពអឺរ៉ុប។
មុននេះ ក្រុមហ៊ុន BioNTech ផ្ដោតទៅលើតែការព្យាបាលជំងឺមហារីក ប៉ុន្តែចាប់តាំងពីខែមករា Sahin និងភរិយា Ozlem Tureci បានងាកមកផ្ដោតទៅលើ Covid-19 ក្រោយពីបានដឹងអំពីការឆ្លងរាលដាលនៃវីរុសនេះនៅទីក្រុង Wuhan ប្រទេសចិន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់គូស្វាមីភរិយានេះ បានរកឃើញថ្នាំថ្មីមួយប្រភេទដែលពួកគេចំណាយពេលជាច្រើនឆ្នាំដើម្បីតាមរក។
Sahin ដែលជាអ្នកវិទ្យាសាស្ត្រដើមកំណើតទួរគី គឺជាម្ចាស់ភាគហ៊ុនតែមួយគត់នៃក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ដែលកំពុងកាន់កាប់ភាគហ៊ុន 18% របស់ BioNTech។ កាលពីឆ្នាំទៅ BioNTech ប្រមូលទុនបាន 150លានដុល្លារនៅក្នុងការធ្វើ IPO នៅសហរដ្ឋអាមេរិក។
ក្រៅពី Sahin បងប្អូនត្រកូល Struengmann ដែលកំពុងកាន់កាប់ BioNTech ចំនួនពាក់កណ្ដាល ក៏ស្ថិតក្នុងបញ្ជីអ្នកមានជាងគេទាំង 500នាក់នៅក្នុងពិភពលោករបស់ទស្សនាវដ្ដី Bloomberg។ ពួកគេក៏គាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Ganymed Pharmaceuticals ដែលប្ដីប្រពន្ធ Sahin បានបង្កើតឡើងផងដែរ។
ការប្រជែងគ្នាក្នុងវិស័យវ៉ាក់សាំង Covid-19 ក៏បង្កើតបានមហាសេដ្ឋីមួយចំនួននៅក្នុងក្រុមហ៊ុន Moderna ដែលជាគូប្រជែងធំបំផុតរបស់ BioNTech។ មូលបត្ររបស់ក្រុមហ៊ុន Moderna ដែលមានទីស្នាក់ការកណ្ដាលនៅ Massachusetts សហរដ្ឋអាមេរិកបានកើនឡើងជាង 650% ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលនេះ ដែលនេះបានជួយឱ្យក្រុមមនុស្សដែលបានវិនិយោគដំបូងៗ ដូចជាសាស្ត្រាចារ្យ Bob Langer មកពីសាកលវិទ្យាល័យ MIT និងសាស្ត្រាចារ្យ Tim Springer មកពីសាកលវិទ្យាល័យ Harvard រួមនឹង CEO Stephane Bancel ក្លាយជាមហាសេដ្ឋីទៀតផង៕